សម្តេចតេជោ ហ៊ុន សែន ណែនាំ៣ចំណុចដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដាសតឿនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ឲ្យខិតខំបំពេញការងារឲ្យបានល្អប្រសើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះឲ្យបានគង់វង្សប្រើប្រាស់ឲ្យបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការឲ្យមានប្រសិទ្ធភាព​ និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។

ការដាស់តឿនរបស់សម្តេចបែបនេះ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលទីនូវ៣ចំនុចសំខាន់រួមមាន ៖

១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋឲ្យបានឆាប់។

២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។

៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត៕