
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧,៩៨៨ករណីបន្ថែមទៀត និងស្លាប់៦៧នាក់
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 9, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៧,៩៨៨ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៦៧នាក់ ផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។
ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន៣៤ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,៣១៦ករណី។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៧៦,៦៧២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤១,៤៧៥នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៥៩៨នាក់៕