ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​បា​រ៉ែ​ន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​ត្រូវ​វិល​ត្រឡប់មក​មាតុភូមិ​វិញ ប៉ុន្តែ U23 ត្រូវ​បន្ត​ហោះ​ទៅ​ជប៉ុន​

ភ្នំពេញ ​៖ បេសកកម្ម​ប្រកួត​ក្នុង​ពានរង្វាន់ AFC ASIAN CUP 2023 QUALIFIERS FINAL ROUND PLAY-OFF របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយនឹង​កោះ​ហ្គាំ​ត្រូវ​បានបញ្ចប់​ទាំង២ជើង​ជា​ស្ថាពរ​ហើយ ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ទៅលើ​កោះ​ហ្គាំ​ទាំង ២ ជើង​តែម្ដង ខណដែល​ការប្រកួត​នៅ​ជើង​ទី ១ កាលពី​ថ្ងៃទី ៩ ខែ តុលា កន្លងទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើ​កោះ​ហ្គាំ ដោយ​ក្នុង​លទ្ធផល ១ ទល់នឹង ០ យ៉ាង​តានតឹង ។

ដោយឡែក​សម្រាប់​ការប្រកួត​នៅ​ជើង​ទី ២ កាលពី​យប់មិញ​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បន្ត​យកឈ្នះ​លើ​កោះ​ហ្គាំ ក្នុង​លទ្ធផល ២ ទល់នឹង ១ ដែល​ជ័យជំនះ​ទាំង ២ ជើង​នេះ​បាន​ធានា​ឲ្យ​កម្ពុជា​កក់​កៅអី​ទៅ​វគ្គ​បន្ទាប់​ទៀត​ក្នុង​ពានរង្វាន់ AFC ASIAN CUP 2023 មួយ​នេះ​។​

ក្រោយពី​បញ្ចប់​បេសកកម្ម​នៅក្នុង​ប្រទេស​បា​រ៉ែ​ន​រួចរាល់ ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ​នឹងត្រូវ​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ នៅ​ថ្ងៃទី ១៤ ខែ តុលា នា​ថ្ងៃស្អែក​នេះហើយ​។ ប៉ុន្តែ​ឈុត​យុវជន​អាយុ​ក្រោម ២៣ ឆ្នាំ​របស់​កម្ពុជា​មិនបាន​វិល​មកកាន់​មាតុភូមិ​វិញ​នោះទេ ដោយ​ត្រូវ​បន្តដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ជា​បន្តទៀត ដើម្បី​ហ្វឹកហាត់​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2022 AFC U23 ASIAN CUP ដែល​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ​។

សម្រាប់​កាលបរិច្ឆេទ​ការប្រកួត​គឺ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៦-២៤ ខែ មករា ឆ្នាំ ២០២២ ប៉ុន្តែ​ដោយសារ​តែមាន​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ ១៩ បានធ្វើ​ឲ្យ​មានការ​លើក​ពេល​ទៅ​ថ្ងៃទី ១-១៩ ខែ មិថុនា ឆ្នាំ ២០២២ វិញ​។​

គួរ​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ (U23) បាន​បន្ត​ជើងហោះហើរ​ទៅកាន់​ប្រទេស​ជប៉ុន​ជា​បន្តទៀត ដើម្បី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2022 AFC U23 ASIAN CUP ដែល​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​ក្រោយនេះ​៕