សមាជិកក្រុមជម្រើសជាតិកម្ពុជា និងប្រតិភូទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៣,០២៣ដុល្លារក្នុងម្នាក់

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជនផ្សេងទៀត សម្រាប់ក្រុមកីឡាករជម្រើសជាតិកម្ពុជា។

ប្រាក់រង្វាន់លើកទឹកចិត្តសរុបមានចំនួន ១៣ម៉ឺនដុល្លារ ដែលទទួលបានពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ១ម៉ឺន ៥ពាន់ដុល្លារ ថវិកាលោក ចិន្តា (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ប្រុស ៥ពាន់ដុល្លារ សម្រាប់ប្រតិភូ និងកីឡាករជម្រើសជាតិ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារ។

សូមជម្រាបថា ប្រាក់រង្វាន់នេះ គឺសម្រាប់លើកទឹកចិត្ត ក្រុមជម្រើសជាតិកម្ពុជាក្នុងការឆ្លងទៅវគ្គបន្ទាប់ជុំទី ៣ នៃពានរង្វាន់ AFC Asian Cup ក្រោយពីការយកឈ្នះហ្គាំទាំងពីរជើង ទោះក្នុងស្ថានភាពលំបាក ពុះពារក្នុងការប្រកួតទាំងដែលអវត្តមានសមាជិកមួយចំនួនដោយសារឆ្លងជំងឺកូវីដ ហើយនៅតែអាចនាំមកនូវជ័យជំនះដ៏មោទនភាពជូនជាតិកម្ពុជា៕