
ឯកឧត្តម វ៉ាត់ ចំរើន ៖ យុវជន ជាកម្លាំងស្នូល ខណៈអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ជាឯកអគ្គរាជទូតសុឆន្ទៈនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គូសបញ្ជាក់ថា «យុវជន គឺជាកម្លាំងស្នូលពិសេស ខណៈអ្នកស្ម័គ្រចិត្តក្នុងរង្វង់១ម៉ឺននាក់ត្រូវបានចាត់ថាជាឯកអគ្គរាជទូតសុឆន្ទៈនៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់ព្រះរាជាណាក្រកម្ពុជាទាំងអស់គ្នា»។
នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នៅក្នុងរបៀបវារៈសំខាន់ៗចំនួន២នៃកិច្ចប្រជុំថ្ងៃនេះ គឺទី១ ជាការប្រកាសពីគោលការណ៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយប្រកាស និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិ CAMSOC និងCAMAPGOC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបំពេញកម្លាំងបន្ថែម ជាពិសេសគឺកម្លាំងយុវជននឹងជួយជំរុញឲ្យដំណើរការឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ឯកឧត្តមអគ្គលេខាធិការសង្កត់ធ្ងន់ថា «កម្លាំងយុវជននេះ គឺជាកម្លាំងស្នូលដែលជួយដល់គណៈកម្មការជំនាញកាន់តែល្អ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសនូវកិច្ចសហការគ្នាយ៉ាងល្អប្រសើរ តាមគោលការណ៍ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនាប្រធាន CAMSOC»។
ចំពោះរបៀបវារៈទី២ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការរៀបចំអ្នកស្ម័គ្រចិត្ត ដែលមានការធ្វើបទបង្ហាញពីផែនការរបស់ខ្លួនច្បាស់លាស់ ដោយឯកឧត្តម សុខ សប្បាយណា ដែលនៅក្នុងផែនការគឺគណៈកម្មការជំនាញនឹងស្វែងរកមនុស្សចំនួន១ម៉ឺននាក់ សម្រាប់ការធ្វើស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ «អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ ដោយពួកគាត់ជាអ្នកបម្រើការងារដោយស្ម័គ្រចិត្ត ប៉ុន្តែធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះថ្នាក់ដឹកនាំបានត្រៀមលក្ខណៈយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងដឹកនាំ លើកទឹកចិត្ត ដើម្បីជួយជំរុញឲ្យអ្នកស្ម័គ្រចិត្តទាំងអស់ ក្នុងរង្វង់១ម៉ឺននាក់នេះបំពេញភារកិច្ចប្រកបដោយមោទនភាព ហើយយើងចាត់ទុកអ្នកស្ម័គ្រចិត្តទាំងអស់គឺជាឯកអគ្គរាជទូតសុឆន្ទៈរបស់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម របស់ព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នាផងដែរ»៕ (CAMSOC)