កម្ពុជាបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូងដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា 

ភ្នំពេញ ៖ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចជាឯកឆ័ន្ទ នូវការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១៤ ខែតុលានេះបានប្រកាសជាផ្លូវការ អំពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ដោយតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ (CEO) ដ្បិតលោកគឺជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបអ្នកមានបុណ្យ FC Barcelona ហើយក៏ជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នេះគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយទៀតរបស់សហព័ន្ធកីឡាបាល់ទាត់ និងជាជំហានដ៏សំខាន់ ក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕