ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាបល្បែងជល់មាន់បង្កប់អាប៉ោងរបស់ឈ្មោះ (វ៉ាន់) នៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ ចំណងជើងខាងលើនេះ គឺជាចម្ងល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងល្បែងជល់មាន់បង្កប់អាប៉ោងដុះស្លែនៅស្រុកស្ទឹងត្រង់ ដែលមានម្ចាស់សង្វៀនឈ្មោះ (វ៉ាន់) បានបើកដំណើរការជាយូរណាស់មកហើយ ប៉ុន្តែហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប ដើម្បីអនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាព។

បើតាមសេចក្តីរាយការណ៍ ក្រោយពីផ្អាកមួយដង្ហើមចង្រិត ល្បែងជល់មាន់បង្កប់អាប៉ោងរបស់ឈ្មោះ (វ៉ាន់) ខាងលើនេះ បានចាប់ផ្តើមដំណើរឡើងវិញហើយនៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិបឹងកញ្ចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចម្ងាយប្រមាណ៥០ម៉ែត្រពីគល់ស្ពានស្ទឹងត្រង់ និងចម្ងាយប្រមាណ៥០០ម៉ែត្រពី អធិការនគរបាលស្រុកស្ទឹងត្រង់ប៉ុណ្ណោះ មានមនុស្សម្នាមកពីជិតឆ្ងាយចេញចូលទៅលេងយ៉ាងច្រើនគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។

មហាជនជាច្រើនបានលើកឡើងជាចម្ងល់ថា តើម្ចាស់សង្វៀនឈ្មោះ (វ៉ាន់) មានឥទ្ធិពលខ្លាំងប៉ុណ្ណា ហើយទទួលបានច្បាប់អនុញ្ញាតពីខាងណា ទើបអាចដំណើរការបានយ៉ាងសុខស្រួល មិនខ្លាចសមត្ថកិច្ចចុះបង្ក្រាប ដែលកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្លាប់បានដាក់បទបញ្ជាមិនឲ្យកើតមានល្បែងសុីសងនៅក្នុងមូលដ្ឋានជាដាច់ខាត។

ពាក់ព័ន្ធទីតាំងល្បែងជល់មាន់បង្កប់អាប៉ោងនៅចំណុចចំការកៅស៊ូខាងលើនេះដែរ លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ “ភ្នំពេញដេលី” Phnom Penh Daily Media , www.ppd-news.net មិនអាចសុំការពន្យល់បកស្រាយបានទេនៅព្រឹកថ្ងៃ១៩ ខែសីហា ឆ្នាំ២០២២នេះ ដោយព្យាយាមខលជាច្រើនដង ប៉ុន្តែទូរស័ព្ទរបស់លោកជាប់រវល់មិនអាចទទួលការហៅចូលបាន។

លោកវរសេនីយ៍ឯក ថាញ់ សាវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏មិនអាចធ្វើសេចក្តីរាយការណ៍ អំពីទីតាំងជល់មាន់បង្កប់អាប៉ោងរបស់ឈ្មោះ (វ៉ាន់) នៅចំណុចចំការកៅស៊ូ ភូមិបឹងកញ្ចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ នេះបានដែរ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រោះលោកប្រាប់ថា ជាប់រវល់ប្រជុំ។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់ថា លោកអត់បានដឹងទេរឿងនេះ ហើយបង្វែរឲ្យទៅសួរ អធិការនគរបាលស្រុកស្ទឹងត្រង់វិញ។ ចំណែកលោកវរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន ” ភ្នំពេញដេលី” Phnom Penh Daily Media, ppd-news.net បានព្យាយាមធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅជាច្រើនដង ប៉ុន្តែមិនលើក។

តាមរយៈអង្គភាពសារព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយមានវិធានការផង ដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន និងបំបាត់ល្បែងស៊ីសងដែលកំពុងតែកើតមានឡើងនៅក្នុងទឹកដីស្រុកស្ទឹងត្រង់នាពេលសព្វថ្ងៃនេះ៕ ដោយ ៖ សហការី