WHO និង UNICEF ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺគ្រុនស្វិតដៃជើងក្នុងប្រទេសអាហ្វហ្កានីស្ថាន

កាប៊ុល ៖ អង្គការសុខភាពពិភពលោក (WHO) និងអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ ជាយុទ្ធនាការទូទាំងប្រទេសលើកដំបូងបង្អស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះក្នុងរយៈពេល ០៣ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Naikwali Shah Momim អ្នកសម្របសម្រួល​ប្រតិបត្តិ​ការសង្គ្រោះ​ជាតិ សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិតដៃ​-​ជើង​របស់​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ឲ្យ​ដឹងថា យុទ្ធនាការ​នេះ​បានចាប់ផ្តើម​នៅតាម​ផ្នែក​ផ្សេងៗ​មួយចំនួន នៃ​ប្រទេស កាលពី​ថ្ងៃ​ច័ន្ទ ដែល​គ្រោង​នឹង​ផ្ដល់ជូន​ដល់​កុមារ​ប្រមាណ​ជាង ៣ លាន​នាក់ ប៉ុន្តែ​នៅតែ​ជួប​ឧបសគ្គ​មួយចំនួន ដូចជា កង្វះ​បុគ្គលិក​ពេទ្យ​មាន​វិជ្ជាជីវៈ ជាដើម​។ លោក បន្តថា យុទ្ធនាការ​នេះ​បានទទួល​ការគាំទ្រ​ពី​ក្រុម​តា​លី​បង់ ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមគ្រូពេទ្យ​អាច​ចូលទៅ​តំបន់ ដែល​ពីមុន​ត្រូវបាន​ហាមឃាត់​ផងដែរ​។​

គួរ​បញ្ជាក់ថា អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​ដែល​នៅ​ជិតខាង​គ្នា​នោះ គឺជា​ប្រទេស​ចុងក្រោយបង្អស់​ក្នុង​ពិភពលោក​ដែល​ទទួលរង​ជំងឺ​គ្រុន​ស្វិតដៃ​-​ជើង ដែលជា​ជំងឺ​មិនអាច​ព្យាបាល​ឲ្យ​ជា​ដាច់​បាន និង​ឆ្លង​ខ្លាំង​តាមរយៈ​ទឹកស្អុយ ដែល​អាច​បណ្តាលឱ្យ​កុមារ​តូចៗ ពិការ​បាន​៕