
WHO ស្នើបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មី ដើម្បីស្វែងរកប្រភពភ្នាក់ងារចម្លងរោគនៃកូរ៉ូណាវីរុស
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធម្សិលមិញបានស្នើអ្នកជំនាញ២៦រូបដើម្បីបង្កើត«ក្រុមប្រឹក្សាវិទ្យា សាស្ត្រ»ថ្មីរបស់ខ្លួនសម្រាប់ការសិក្សាស្រាវជ្រាវប្រភពដើមនៃជំងឺថ្មីៗក្នុងនោះមានទាំងមនុស្សដែលធ្លាប់បំពេញបេសកកម្មទៅទីក្រុងអ៊ូហាន ប្រទេសចិនដើម្បីសិក្សាស្រាវជ្រាវប្រភពដើមវីរុសកូរ៉ូណាផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍នេះបានរាយឈ្មោះសមាជិកទាំង២៦ ដែលបានស្នើឡើងមុនរយៈពេលពីរសប្តាហ៍ នៃការពិគ្រោះយោបល់ជាសាធារណៈ ក្នុងនោះរួមទាំងលោកស្រី Marion Koopmans, លោកស្រី Thea Fischer និងលោក Hung Nguyen ដែលបានចូលរួមក្នុងការស៊ើបអង្កេតរួមគ្នានៅប្រទេសចិននៅឆ្នាំនេះផងដែរ។
អង្គការសុខភាពពិភពលោក (WHO) បានបើកដំណើរការពាក្យសុំ កាលពីខែសីហាឆ្នាំមុន ដោយនិយាយថាខ្លួនកំពុងស្វែងរកគំនិតវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុត ដើម្បីផ្តល់ដំបូន្មានដល់ការស៊ើបអង្កេតលើភ្នាក់ងារបង្ករោគ ដែលមានហានិភ័យខ្ពស់ នៃចម្លងពីសត្វមកមនុស្ស ហើយអាចបង្កឱ្យមានជំងឺរាតត្បាតសកលថ្មីនាពេលអនាគត៕