
មន្ត្រីអាមេរិក ៖ ជំនួបកំពូលរវាងលោក បៃដិន និងលោក ស៊ី ជិនពីង តាមប្រព័ន្ធវីដេអូអាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ
វ៉ាស៊ីនតោន ៖ ផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ដែលដឹងពីការរៀបចំកិច្ចប្រជុំបានបង្ហាញថា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ យ៉ាងយូរនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមមន្ត្រីជឿជាក់ថា កិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យភាពតានតឹងរវាងប្រទេសទាំង២ ក្លាយជាទៅជាជម្លោះ។ ភាគីទាំង២ ក៏ធ្លាប់បាន ឱ្យដឹងដែរថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ជាគោលការណ៍ក្នុងការរៀបចំជំនួបរវាងលោក បៃដិន និងលោក ស៊ី នៅមុនដំណាចឆ្នាំ២០២១នេះ បន្ទាប់ពីកិច្ចពិភាក្សា រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi នៅទីក្រុង Zurich ប្រទេសស្វីស កាលពីខែតុលាកន្លងទៅនេះ។
ប៉ុន្តែខាងសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានទទួលស្គាល់ថាតើកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយមែន ដែរឬក៏យ៉ាងណានោះទេ ខណៈសេតវិមានអះអាងថាកិច្ចពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពុងធ្វើដំណើរការនៅឡើយ៕