
ថៃអនុម័តលើសំណើបញ្ជាទិញថ្នាំគ្រាប់ការពារកូវីដ Molnupiravir ចំនួន២លានគ្រាប់
បាងកក ៖ លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានឲ្យដឹងកាលពីអង្គារថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើរបស់ក្រសួងសុខាភិបាលក្នុងការបញ្ជាទិញថ្នាំគ្រាប់ការពារជំងឺកូវីដ១៩ Molnupiravir ចំនួន២លានគ្រាប់ ដែលជាថ្នាំគ្រាប់លេបតាមមាត់ដំបូងរបស់ពិភពលោកសម្រាប់ប្រឆាំងនឹងកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
លោក Anutin បាននិយាយថា ថ្នាំគ្រាប់ Molnupiravir នេះនឹងប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលស្ថិតក្នុងក្រុមអាទិភាព ក្នុងនោះចាប់ពី អាយុ៦០ឆ្នាំឡើង និងអ្នកដែលមានជំងឺប្រចាំកាយដូចជា ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ សរសៃឈាមបេះដូង តម្រងនោមរ៉ាំរ៉ៃ ប្រព័ន្ធប្រសាទ មហារីក ទឹកនោមផ្អែម ឬជំងឺធាត់។
សូមជម្រាបថា ថ្នាំគ្រាប់ Molnupiravir នៅក្នុងទិន្នន័យសាកល្បង កាលពីខែមុន បានបង្ហាញថា វាមានប្រសិទ្ធភាពកាត់បន្ថយអត្រានៃការស្លាប់ ឬធ្ងន់ធ្ងរបាន៥០ភាគរយ ៕