
រដ្ឋបាលខេត្តកែបប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួបបង្កើតកងយោធពលខេមរភូមិន្ទ
ខេត្តកែប ៖ រដ្ឋបាលខេត្តកែប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) និងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ នៅបរិវេណវិមានឯករាជ្យខេត្តកែប។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សាត សាមី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិយសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥ ឯកឧត្តម ងួន ប៊ៀន អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងយុវជន យុវនារី ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក៏ជាទិវាមួយក្នុងគោលបំណងរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិតា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៥៣-២០២១ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយ អបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលមហាកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញ នូវឯករាជ្យជាតិមួយដ៏ពេញបរិបូណ៍ ពីនឹមអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ ទ្រី ហៀន