កម្ពុជា ស្ថិតនៅ Pot ទី​៤ សម្រាប់​ការចាប់​ឆ្នោត​ប្រកួត​ជុំ​បន្តពាន AFC Asian Cup

ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ឡើង​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup China 2023 ជា​ផ្លូវការ ក្រោយ​បន្ដ​យកឈ្នះ​ក្រុម​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក ដោយ​លទ្ធផល ២-១ ក្នុងជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ Play-Off នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន កាលពី​ម្សិលមិញ ។

​សម្រាប់​ដំណើរ​ឆ្ពោះទៅ​វគ្គ​បន្ដ ក្រុម​គោព្រៃ​កម្ពុជា គឺ​ស្ថិតក្នុង​ប្រអប់​ទី​៤ (POT-4) ជាមួយ​នេ​ប៉ាល់​, ម៉ុង​ហ្គោ​លី​, បង់​ក្លា​ដេ​ស ស្រីលង្ការ និង​ឥណ្ឌូនេស៊ី ដែល​ឡើង​មកពី​វគ្គ Play-Off ដូចគ្នា ដើម្បី​ចាប់ឆ្នោត​ជាមួយ POT ចំនួន ៣​ផ្សេងទៀត ដែល POT នីមួយៗ​មាន ៦​ក្រុម​ដូចគ្នា ហើយ​បែង​ចែកជា ៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន ៤​ក្រុម ដើម្បី​បន្ដ​ការប្រកួត​ជម្រុះ​រក​ក្រុម​ខ្លាំង​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ចិន​នា​ឆ្នាំ​២០២៣​។​

​ចំពោះ​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ នឹង​ចាប់ផ្ដើម​នា​ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​ក្រុម​ឈរ​លេខ​១ នៃ​ពូ​ល​ទាំង​៦ រួមជាមួយ​ក្រុម​លេខ​២ ល្អ​ជាងគេ​ចំនួន ៥​ក្រុម នឹង​ទទួលបាន​សិទ្ធិ​កក់​សំបុត្រ​យន្ដហោះ​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ចិន ដែលមាន​បេក្ខភាព ១៣​ក្រុម កំពុង​ឈរ​ចាំ​រួមមាន​ម្ចាស់ផ្ទះ​ចិន​, ស៊ី​រី​, អូស្ដ្រាលី​, អ៊ីរ៉ង់​, អារ៉ាប៊ីសាអ៊ូឌីត​, កាតា​, ជប៉ុន​, អារ៉ាប់​រួម​, កូរ៉េខាងត្បូង​, អ៊ីរ៉ាក់​, អូ​ម៉​ង់​, វៀតណាម និង​លី​បង់​។ ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ឬ​វគ្គ ២៤​ក្រុម​ចុងក្រោយ គ្រោង​ប្រកួត​ពីថ្ងៃ​ទី​១៦ ខែមិថុនា ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ​៕