Hun Sen Cup ថ្នាក់ជាតិ ៖ បឹងកេត ថាយហ្គឺរ អាស៊ីអឺរ៉ុប និង EDC ដឹកដៃគ្នាឡើងបង្គ្រប់កៅអីវគ្គ ១/៤

ភ្នំពេញ ៖ ពានសម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បានរកឃើញបេក្ខភាព ៤ក្រុមទៀតឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមបឹងកេត អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជា (EDC) ក្រោយទម្លាក់ក្រុមសមាជិកលីគកំពូលកម្ពុជារៀងៗខ្លួនក្នុងវគ្គ ១៦ក្រុមនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

សម្រាប់ក្រុមនាគខៀវបឹងកេត បានយកឈ្នះគូប្រជែងសូលទីឡូអង្គរ ៤-០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ។ ជ័យជម្នះនេះ ធ្វើឲ្យបឹងកេត ឡើងទៅជួបក្រុមជើងឯករងឆ្នាំចាស់ណាហ្គាវើលដ៍ នៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។

ក្រុមអង្គរថាយហ្គឺរ បានសងសឹកខេត្តព្រៃវែងបានវិញដោយយកឈ្នះ ២-០ នៅកីឡដ្ឋាន SRU ។ ដូច្នេះអង្គរថាយហ្គឺរ ត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង។ ចំណែកអាស៊ីអឺរ៉ុបវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់ ៣-២ នៅកីឡដ្ឋានគិរីវង់ឡើងទៅជួបក្រុមវិសាខា ។

ដោយឡែកក្រុមអគ្គិសនីកម្ពុជា ទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ នៅទឹកដីស្ដាតចាស់ បន្ដដំណើរទៅវគ្គ ៨ក្រុម ដោយត្រូវជួបក្រុមភ្នំពេញក្រោន។

សូមជម្រាបថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី-ថ្នាក់ជាតិនេះ គ្រោងប្រកួតតែ ១ថ្ងៃប៉ុន្ណោះនាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ជាមួយរូបមន្ដចាញ់ធ្លាក់ដដែល ដោយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕