ព្រះមហាក្សត្រយាងដល់ប្រទេសបារាំង ប្រកបដោយព្រះសុវត្ថិភាព

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីកម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសយាងចូលរួមមហាសន្និបាតនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរ នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាត ដោយផ្តោតលើសមិទ្ធផលសំខាន់ៗរបស់អង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា៕