
Honda លើកឡើងបែបនេះក្រោយដឹកនាំកម្ពុជា ឆ្លងទៅជុំទី៣នៃវគ្គជម្រុះពាន AFC Asian Cup
ភ្នំពេញ ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានលើកឡើងថា «ថ្ងៃនេះយើងឈ្នះ យើងអាចអបអរជ័យជំនះនេះ ប៉ុន្ដែសូមកុំមានអារម្មណ៍ថាយើងគ្រប់គ្រាន់ ឬពេញចិត្តជាមួយនឹងលទ្ធផលឈ្នះហ្គាំនេះ ព្រោះយើងមិនទាន់ឈ្នះប្រទេសខ្លាំងៗក្នុងតំបន់នៅឡើយទេ»។
អតីតសមាជិកក្រុមសាំម៉ូរ៉ៃជប៉ុនខាងលើបានបន្តថា «យើងទាំងអស់គ្នាគួរមានអារម្មណ៍ថា មិនគ្រប់គ្រាន់ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរជាងនេះ ទើបយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ បាន។ យើងត្រូវចេះគ្រប់គ្រងខ្លួនឯង អ្នកទាំងអស់គ្នា អាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និងរៀបចំខ្លួនបន្ទាប់ទៀត»។
ទោះជាបែបនេះក្ដី លោក Honda នៅតែកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុមរហូតអាចទម្លាក់កោះហ្គាំឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023។ លោកថា «ខ្ញុំក៏សូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កីឡាករយើង ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពសម្រាប់ការប្រកួតនេះ ទោះបីជាយើងមានបញ្ហាប្រឈមជាច្រើន តែយើងអាចជំនះវាបាន»។
សូមជម្រាបថា ការលើកឡើងបែបនេះរបស់ លោក Honda បន្ទាប់ពីក្រុមគោព្រៃកម្ពុជាបានវាយបកយកឈ្នះកោះហ្គាំរបស់សហរដ្ឋអាមេរិក ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១៕