
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដចំនួន១១.២៧៦នាក់ទៀត និងស្លាប់១១២នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ១១.២៧៦ ករណី និងមានអ្នកស្លាប់ចំនួន១១២ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍។
ក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំនួនឆ្លងខាងលើនេះគឺមានចំនួន ១១.១៤២ សម្រាប់ប្រជាជនទូទៅនិង ១៣៤ ករណីដែលជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះនៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.៤០៧ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧២២.៨៤១ នាក់ដែលក្នុងនោះ ១.៥៩៨.៣២៤ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៧.៩៣៥ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៨.០២៩ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕