ផ្លូវចាក់បេតុង១ខ្សែ ប្រវែង៥៤០ម៉ែត្រ ដែលជាគម្រោងរបស់រដ្ឋបាលស្រុកអូររាំង ត្រូវបានបើកដំណើរការសាងសង់

ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងស្រុកអូររាំង និងអាជ្ញាធរភូមិ/ឃុំ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង អាមេ ប្រវែង ៥៤០ម៉ែត្រ ទទឹង ៤ម៉ែត្រ ដាក់លូមុខកាត់ទទឹងផ្លូវប្រវែង ១២ម៉ែត្រ ដែលជាថវិកាមូលនិធិអភិវឌ្ឃន៍របស់រដ្ឋបាលស្រុកអូររាំង ឆ្នាំ២០២១ នៅចំណុចជាប់ផ្លូវជាតិលេខ ៧៦A ក្នុងភូមិពូរ៉ាង ផ្លូវបំបែកទៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង។

លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យមានលក្ខណៈសមរម្យ។ លោក អភិបាលរងខេត្ត បានណែនាំដល់ក្រុមហ៊ុន ឌី.វី.អេច ដែលទទួលបានគម្រោងម៉ៅការសាងសង់ផ្លូវចាក់បេតុងនេះ សូមធ្វើយ៉ាងណា ឲ្យសមស្របតាមលក្ខណៈបច្ចេកទេស និងមានគុណភាព។ ម្យ៉ាងទៀត ក៏សូមឲ្យអាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវចូលរួមសហការគ្នា ជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការនូវគម្រោងនេះទទួលបានជោគជ័យ។

បន្ថែមលើសនេះ លោក ញ៉ន សិទ្ធិ អភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ និង ៣ការពារ ដើម្បីកាត់ផ្តាច់ការចម្លងនៃវីរុសកូវីដ-១៩៕ ដោយ ៖ ផែង ផល្លិត