ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងសង្កាត់គោករការ កំពុងដំណើការគគ្រឹកគគ្រេងប្រឆាំងគោលការណ៍ភូមិឃុំមានសុវត្ថិភាព

ភ្នំពេញ ៖ នេះជារឿងនឹកស្មានមិនដល់ទាល់តែសោះ ដែលទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមានដូចជា បញ្ជាល់មាន់ បៀ អាប៉ោង និងយូគី នៅចំណុចឃ្លាំងក្នុងដីឡូត៍មួយកន្លែងដែលមានរបងថ្មហ៊ុមព័ទ្ធជិត និងមានមនុស្សយាមកាមយ៉ាងតឹងរុឹងបំផុត ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ អាចដំណើរការបានយ៉ាងសុខស្រួលដូច្នេះ។

បើតាមប្រភពពីក្រុមអ្នកញៀនល្បែងដែលចេញចូលទៅលេងទីនោះបានលួចខ្សឹបប្រាប់នាយប្រុញថា ម្ចាស់ទីតាំងល្បែងខុសច្បាប់ខាងលើនេះមានឈ្មោះ ធារី ជាមនុស្សមានឥទ្ធិពលអំណាចខ្លាំងសម្បើមណាស់ សូម្បីតែសមត្ថកិច្ចមិនហ៊ានទៅក្បែងផង។

ប្រភពដដែលក៏បានឲ្យដឹងផងដែរថា ទីតាំងនេះបានបើកដំណើការជាយូរមកហើយ និងមានការភ្នាល់ចាក់ដាក់លុយស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗណាស់ខ្ទង់ រយ ពាន់ មុឺនដុល្លារឯណោះ ដោយមានមនុស្សចេញចូលប្រមូលផ្តុំគ្នាយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។

ដោយឡែកចំណែកប្រជាពលរដ្ឋបានត្រឹមនាំគ្នាដេកឪបទុក្ខព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋានព្រោះថា ល្បែងស៊ីសង គឺជាដើមចមដែលបង្កើតឲ្យមាននូវបទល្មើស។

មជ្ឈដ្ឋានមហាជនរង់ចាំមើលថា តើលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ដែលទើបតែងតាំងថ្មី និងលោកវរសេនីយ៍ឯក ឈិន គីមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ហ៊ានចាត់វិធានការចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់នៅចំណុចខាងលើនេះដែរឬទេ បើល្បីថា ម្ចាស់ទីតាំងល្បែងមួយនេះមានឥទ្ធិពលអំណាចខ្លាំងមហិមាម្ល៉េះនោះ។

ទោះយ៉ាងណាព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីមានវិធានការចុះបង្ក្រាប អនុវត្តតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព៕ នាយប្រុញ