ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ កិច្ចសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឍន៍អាស៊ានបន្តដើរតួនាទីកាន់តែសំខាន់ក្នុងការគាំទ្ររបៀបវារៈនៃការដឹកជញ្ជូន

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបានលើកឡើងផងដែរថា កិច្ចសន្ទនាអាស៊ាន និងដៃគូអភិវឌ្ឍន៍អាស៊ានបន្តដើរតួនាទីកាន់តែសំខាន់ក្នុងការគាំទ្ររបៀបវារៈនៃការដឹកជញ្ជូនរបស់យើង តាមរយៈកម្មវិធីកិច្ចសហ ប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា ជាពិសេសបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះភាពជាដៃគូដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ត្រូវតែពង្រឹង និងពង្រីក ដើម្បីដោះស្រាយ បញ្ហាប្រឈមថ្មីៗដែលអាចកើតមាននាពេលអនាគត។

ឯកឧត្តមលើកឡើងបែបនេះនាថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមBUDI KARYA SUMADI រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងជា អនុប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និង ឯកឧត្តមDATO LIM JOCK HOI អគ្គលេខាធិការអាស៊ាន។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរាតត្បាតនៃមេរោគកូវីដ-១៩ បានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក ធ្វើឱ្យប៉ះពាល់ដល់វិស័យឧស្សាហកម្ម គ្រប់វិស័យ គ្រប់ទិដ្ឋភាពនៃជីវិត ខាតបង់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតមាននាពេលកន្លងមក និងធ្វើឱ្យ អនាគតឋិតក្នុងភាពមិនច្បាស់លាស់។ ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍បានទទួលរងផល ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដូចដែលស្ថិតិពីអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) បានបង្ហាញ ថា៖ ការធ្វើចរាចរណ៍របស់អ្នកដំណើរពិភពលោកបានធ្លាក់ចុះចំនួន៥៣,១% ក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ប្រាក់ចំណូលអាកាសយានដ្ឋាននឹងទទួលរងការខាតបង់ច្រើនជាង១០៨ ពាន់លានដុល្លារនៅចុងឆ្នាំ២០២១ និងប្រាក់ចំណូលអ្នកធ្វើដំណើរក្នុងមួយគីឡូម៉ែត្ររបស់ក្រុមហ៊ុន អាកាសចរណ៍បានធ្លាក់ចុះ៤៦,៥% នៅក្នុងខែកក្កដា ឆ្នាំ២០២១ ធៀបនឹងខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងបង្កាមេរោគជំងឺកូវីដ-១៩ សេដ្ឋ កិច្ចពិភពលោកកំពុងចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាត ហើយប្រទេសសមាជិកអាស៊ាន មួយចំនួនបានបើកសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឡើងវិញជាបណ្តើរៗ ជាមួយនឹងវិធានការធម្មតាថ្មីដែល ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា កិច្ចប្រជុំអាស៊ានមានបញ្ហាប្រឈម ជាច្រើនដែលត្រូវពិភាក្សា និងអនុម័ត ហើយជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងនាំមកនូវការពិភាក្សា ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរ គុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារលេខាធិការដ្ឋានអាស៊ាន និងក្រុមការងារខាង ភាគីកម្ពុជាដែលបានផ្តល់ការគាំទ្រឥតឈប់ឈរ និងឆ្លើយតបបានទាន់ពេលវេលាក្នុងការធ្វើឱ្យកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនលើកទី២៧នេះទទួលបានជោគជ័យ៕