វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៨,១៦២ករណីទៀត សរុបកើនលើស១លានករណី

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៨,១៦២ ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន៨៤នាក់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។

ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៧ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,១៨៥ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០០០,៨៩៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤៥,៩៤៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៨៤៩នាក់៕