Aston Villa តែងតាំង Steven Gerrard ជាអ្នកចាត់ការថ្មី

ឡុងដ៍ ៖ អតីតប្រធានក្រុមបាល់ទាត់ Liverpool លោក Steven Gerrard ត្រូវបានក្លិបបាល់ទាត់ Aston Villa តែងតាំងជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីក្លិបនេះ បានចាញ់៥ប្រកួតជាប់ៗគ្នា នៅលីគ Premier League។ នេះបើយោងតាមសារព័ត៌មាន CNA។

លោក Gerrard បានដឹកនាំក្លិប Rangers ទៅដណ្តើមបានពានរង្វាន់ Scottish Premiership ជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំ កាលពីរដូវកាលមុន, បញ្ចប់យុទ្ធនាការមិនធ្លាប់ចាញ់ ក្នុងលីគ។ លោក ត្រូវបានគេចាត់ទុកជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រ Premier League, ស៊ុតបាល់បញ្ចូលទីបាន១៨៦គ្រាប់ ក្នុងការបង្ហាញខ្លួន៧១០ប្រកួត សម្រាប់ក្លិប Liverpool។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Christian Purslow នាយកប្រតិបត្តិក្លិបបានឲ្យដឹងថា ក្រុមប្រឹក្សាក្លិប Aston Villa រីករាយក្នុងការតែងតាំងលោក Steven ជាគ្រូបង្គោលថ្មីរបស់ពួកយើង។

សូមជម្រាថា នេះគឺជាការងារជាអ្នកចាត់ការលើកដំបូង របស់លោក Steven Gerrard នៅក្លិបដែលលេងនៅលីគកំពូល របស់អង់គ្លេស៕