
ក្រោយចូលកាន់តំណែងនៅ Barca លោក Xavi បង្កើតច្បាប់ចំនួន១០
អេស្ប៉ាញ ៖ ក្រោយចូលកាន់តំណែងជាគ្រូបង្វឹកថ្មីនៅក្លិបអ្នកមានបុណ្យ Barcelona លោក Xavi បានបង្កើតច្បាប់ចំនួន១០ ដើម្បីដាក់ឲ្យកូនក្រុមអនុវត្ត ដែលមានដូចខាងក្រោម ៖
១, សមាជិកក្នុងក្រុមទាំងអស់ត្រូវមកដល់ទីលានហ្វឹកហាត់ឲ្យបាន៩០នាទី មុនការហ្វឹកហាត់ចាប់ផ្តើម។
២, បុគ្គលិក និងជំនួយការ ត្រូវមកដល់ទីលានហ្វឹកហាត់ឲ្យបាន២ម៉ោង មុនការហ្វឹកហាត់ផ្លូវការចាប់ផ្តើម។
៣, កីឡាករទាំងអស់ត្រូវទទួលទានអាហារថ្ងៃត្រង់នៅកង់ទីនរបស់ក្លិប ក្រោមការត្រួតពិនិត្យមុខម្ហូបដោយអ្នកជំនាញខាងរបបអាហារប្រចាំក្លិប។
៤, នឹងមានការដាក់ទោសទៅលើកីឡាករដែលបានសាងកំហុស និងសម្រាប់អ្នកមកហ្វឹកហាត់យឺតផងដែរ។
៥, អ្នកសាងកំហុសដដែលៗ នឹងត្រូវទទួលពិន័យទ្វេរដង ហើយបើតាមប្រភពពី AS បានឲ្យដឹងថា អ្នកសាងកំហុសចាប់២លើកឡើង នឹងត្រូវពិន័យជាទឹកប្រាក់ ៦ពាន់យ៉ូរ៉ូ។
៦, ក្នុងរយៈពេល ៤៨ម៉ោងមុនប្រកួត កីឡាករត្រូវតែសម្រាកនៅផ្ទះ និងមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះដល់កណ្តាលអាធ្រាត្រឡើយ ជៀសវាងមានបញ្ហាកើតឡើងនាំឲ្យប៉ះពាល់ដល់ថ្ងៃប្រកួត។
៧, មានតែអ្នកដែលអាចទាក់ចិត្តគ្រូបង្គោលនៅពេលហ្វឹកហាត់ប៉ុណ្ណោះ ដែលអាចជាប់ជម្រើស១១នាក់ដំបូង ក្រៅពីនេះ គឺត្រូវអង្គុយកៅអីបម្រុង ឬក៏អាចទម្លាក់ចេញពីឈុតធំតែម្តង។
៨, ប្រសិនបើ សកម្មភាព និងកាតព្វកិច្ចណាមួយនៅក្រៅបាល់ទាត់ ជះផលប៉ះពាល់មិនល្អដល់ទម្រង់របស់កីឡាករ នោះកីឡាករត្រូវមកទទួលដំបូន្មានរបស់ក្រុមការងារគ្រូបង្វឹក។ចំណែកឯដំណើរកំសាន្តក្នុងអំឡុងពេលរដូវកាលកំពុងប្រកួត គឺមិនអាចទៅរួចឡើយ លុះត្រាតែមានការអនុញ្ញាតពីគ្រូបង្គោល។
៩, ហាមដាច់ចំពោះសកម្មភាពណាដែលនាំឲ្យកើតមានហនិភ័យដល់សុខភាព និងកាយសម្បទារបស់កីឡាករ។ ការហាត់ប្រាណដោយធាក់កង់អេឡិកត្រូនិក និងការជិះទូកក្តោង មិនត្រូវបានអនុញ្ញាតឡើយក្រោមការដឹកនាំរបស់លោក Xavi។
១០, មុខមាត់គឺជារឿងដ៏សំខាន់។ ទាំងកីឡាករ និងបុគ្គលិករបស់ក្លិបទាំងអស់ត្រូវរក្សាភាពថ្លៃថ្នូរ សម្រាប់ខ្លួនឯង និងកិត្តិយសរបស់ក្លិប ដើម្បីឲ្យសក្កិសមនឹងភ្នែកមហាជនថាជាក្លិបដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏បវរ៕