ថ្ងៃនេះ ថៃ​បន្តរកឃើញអ្នកកូវីដ ចំនួន៧.៣០៥ ករណីទៀត និងស្លា​​ប់​៥១នាក់

បាងកក​ ៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បានប្រកាស​ពីការបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៧.៣០៥ ករណី និង​មាន​អ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ​ចំនួន៥១ នាក់​បន្ថែមទៀត​ក្នុង​រយៈពេល ២៤ ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

បើតាមក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៧.៩០០ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៩៧៥.៤១១ នាក់​ដែល​ក្នុងនោះ ១.៨៦១.១១០ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.៨៤០ នាក់​ក្នុងអំឡុងពេល​រលក​ទី ៣ និង ១៩.៩៣៤ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕