ស្ថានីយ​ផ្លូវ​ល្បឿន​លឿន និង​ឡានក្រុង​នៅ​​ភាគ​ឦសាន​ប្រទេស​ចិនត្រូវ​បាន​បិទដោយសារព្យុះ​ព្រិល

ប៉េកាំង​ ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិនបាន​រាយការណ៍ កាលពី​ថ្ងៃ​ពុធ​ថា ព្យុះ​ព្រិល​បាន​បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​នៅ​ផ្នែក​ភាគ​ឦសាន​ប្រទេស​ចិន នៅ​សប្តាហ៍​នេះ ដែលជា​ការធ្លាក់​ព្រិល​មិន​ធ្លាប់​មាននៅ​ផ្នែក​ខ្លះ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ រំខាន​ដល់​សេវាកម្ម​រថភ្លើង និង​បង្កើន​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ជាដើម ខណៈដែល​សីតុណ្ហភាព​កាន់តែ​ត្រជាក់​ខ្លាំង​ឡើងៗ​។​

ចរាចរណ៍​នៅក្នុង​ខេត្ត Liaoning ត្រូវបាន​រំខាន​យ៉ាងធ្ងន់ធ្ងរ ខណៈ​ស្ថានីយ​ផ្លូវ​ល្បឿន​លឿន​ភាគច្រើន​បាន​បិទ រួមទាំង​ស្ថានីយ​រថភ្លើង និង​ឡានក្រុង​ក៏ត្រូវ​បាន​បិទ​ដូចគ្នា លើកលែងតែ​ទីក្រុង Dalian និង​ទីក្រុង Dandong ប៉ុណ្ណោះ​។​ ទន្ទឹម​នោះ នាយកដ្ឋាន​ឧតុនិយម​នៅ​ខេត្ត Liaoning និង​ខេត្ត Jilin បានចេញ​សេចក្ដី​ប្រកាសអាសន្ន​ផងដែរ​សម្រាប់​ព្យុះ​ព្រិល​នេះ ដែលមាន​កម្រិត​ធ្ងន់ធ្ង​រ​បំផុត​។​

ដោយឡែក នៅក្នុង​ទីក្រុង Shenyang ដែល​រងគ្រោះ​ដោយ​ព្រិល​ធ្លាក់​ដែរនោះ អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ផ្សារ និង​ហាង​លក់​គ្រឿងទេស​ឲ្យ​បញ្ចុះតម្លៃ​បន្លែ​មួយចំនួន ដើម្បី​បង្កើន​ការផ្គត់ផ្គង់​ដល់​ប្រជាជន​ក្នុង​ទីក្រុង​៕