ពលរដ្ឋជួបបញ្ហាខ្វះខាតផ្នែកជីវភាពក្នុងបរិបទជំងឺកូវីដ-១៩ ចំនួន៦០គ្រួសារមកពីឃុំទាំង៩ក្នុងស្រុកស្វាយទាបទទួលអំណោយសាខាកាកបាទក្រហមខេត្ត

ខេត្តស្វាយរៀង ៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះមាន ៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ដែលកំពុងជួបបញ្ហាខ្វះខាតផ្នែកជីវភាពក្នុងបរិបទជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅបរិវេណ ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប។

លោកជំទាវប្រធានកិត្តិយសសាខាបានពាំនាំនូវបណ្តាំសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការ ការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការ ការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម និង ខិតខំបន្ថែមក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃតាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ និងប្រមូលផលស្រូវដើម្បីលើកស្ទួយជីវភាពគ្រួសារ ។

អំណោយសាខាបានចែកជូនគ្រួសារងាយរងគ្រោះចំនួន ៦០ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា ) ម៉ាស ៣ បន្ទះ និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕ ដោយ ៖ ភក្តី