រដ្ឋបាលខេត្តស្វាយរៀង និងអភិបាលក្រុងបាវិតអញ្ជើញចុះពិនិត្យ និងរកដំណោះស្រាយរំដោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក្នុងភូមិសាស្ត្រក្រុងបាវិត

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តនិងលោក លឹម សៀងហេង អភិបាលក្រុងបាវិត.លោកអភិបាលរងក្រុងបាវិតព្រមទាំងមន្ត្រីជំនាញគ្រប់ស្ថាប័នបានអញ្ជើញចុះពិនិត្យមើលទីតាំងនានានៅក្នុងសង្កាត់ច្រកម្ទេសនិងសង្កាត់ព្រៃអង្គុញក្រុងបាវិតដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ឲ្យដឹងថា នៅព្រឹកនេះលោកបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធថ្នាក់ខេត្ត រដ្ឋបាលក្រុងបាវិត សហការជាមួយម្ចាស់តំបន់សេដ្ឋកិច្ចពិសេសេនានាក្នុងក្រុងបាវិត ចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងមួយចំនួនផ្សេងទៀតក្នុងក្រុងបាវិត។ ជាលទ្ធផលជាស្តែងនៅថ្ងៃស្អែកលោកនឹងឲ្យគ្រឿងចក្រជីកកាត់ផ្តាច់ផ្លូវលំមួយកន្លែងសំរាប់ឲ្យទឹកដែលនៅប៉ែកខាងលើហូរបានឆាប់រហ័សធ្លាក់ចូលទៅក្នុងបឹងដើម្បីរំដោះចេញពីតំបន់សេដ្ឋកិច្ចពិសេសព្រមទាំងលំនៅស្ថានរបស់ប្រជាពលរដ្ឋដែល កំពុងទឹកជន់លិច។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ឲ្យដឹងទៀតថា នាពេលខាងមុខខេត្តនិងមានគម្រោងដាក់លូរំដោះទឹកដើម្បីកុំឲ្យទឹកជន់ លិចបន្តទៀតពីព្រោះថា នៅតំបន់នេះសំបូររោងចក្រដូច្នេះបើមិនមានវិធានការការពារទេទឹកនឹងលិចរោងចក្រនាំឲ្យស្ទះដល់ដំណើរការរបស់ក្រុមហ៊ុនជាហេតុនាំឲ្យប៉ះពាល់ការងារបងប្អូនកម្មករកម្មការិនីយើងជាក់ជាពុំខានឡើយ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា បញ្ហាដែលយើងមានការព្រួយបារម្មណ៍នោះគឺខ្លាចខាងរោងចក្របង្ហូរទឹកស្អុយចូលប្រឡាយរឺបឹងក៏ប៉ុន្តែនាពេលកន្លងមកយើងក៏ធ្លាប់បានធ្វើការណែនាំរួចហើយអំពីបញ្ហាទឹកកខ្វក់នេះរួមទាំងបញ្ហាបរិស្ថានជុំវិញតំបន់ផងដែរ។ ដូច្នេះហើយលោកក៏សំណូមពរសូមឲ្យខាងក្រុមហ៊ុន.រោងចក្រក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅពេលកសាង សាងសង់ រឺធ្វើសំណង់អ្វីមួយត្រូវគិតពីផលប៉ះពាល់ជាមុន ព្រមទាំងត្រូវចូលរួមសហការជាមួយខាងអាជ្ញាដែនដីមន្ទីរអង្គភាពជំនាញនានាដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាផ្សេងៗកើតមានទៅថ្ងៃក្រោយនាំឲ្យពិបាកក្នុងការដោះស្រាយនិយាយជារួមយើងមិនត្រូវគិតតែប្រយោជន៍ខ្លួនឯង ហើយវាប៉ះពាល់ប្រយោជន៍អ្នកដទៃនោះដែរ។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះនៅក្រុងបាវិតមានបាននឹងកំពុងអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងវិស័យឯកជនផ្សេងៗរួមមាន ៖ រោចក្រ សហគ្រាស មណ្ឌលកំសាន្ត បង្កើតឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ប្រមាណជាង១០មុឺននាក់មានប្រាក់បៀវត្សចិញ្ចឹមគ្រួសារកាត់បន្ថយភាពក្រីក្រ តាមលក្ខណៈគ្រួសារ ហើយក៏មិនចំណាកស្រុកទាំងប្រថុយប្រថានដែលបង្កជាហានិភ័យដល់ក្រុមគ្រួសារកូនចៅរបស់ប្រជាពលរដ្ឋនោះដែរ ។ ទាំងនេះក៏ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ ៕