​បុរស​ម្នាក់​ប្រើ​ធ្នូបាញ់សម្លាប់មនុស្ស៥នាក់ និង២នាក់របួសនៅ​ប្រទេស​ន័​រ​វែ​ស

អូ​ស្លូ​ ៖ មន្រ្តីប៉ូលិសនៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា បុរសម្នាក់ប្រដាប់ដោយធ្នូ និងព្រួញ បានបាញ់សម្លាប់មនុស្សចំនួន០៥នាក់ និងបានបង្កឱ្យមនុស្ស ចំនួន០២នាក់ផ្សេងទៀតរងរបួសនៅភាគអាគ្នេយ៍ប្រទេសន័រវែស ប៉ុន្តែជនសង្ស័យត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

មន្ត្រី​ប៉ូលិស​បានទទួល​សេចក្តីរាយការណ៍​ដំបូង ពី​ការវាយប្រហារ​នេះ​នៅក្នុង​ទីក្រុង Kongsberg ភាគ​និរតី​នៃ​រដ្ឋធានី Oslo នៅវេលា​ម៉ោង​ប្រហែល ១៨ ៖១៣ នាទី (​ម៉ោង​ក្នុងស្រុក​)​។ ​

លោក Oeyvind Aas ជា​មន្ត្រី​ប៉ូលិស​នៅក្នុង​តំបន់​នោះ បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ ហាក់ដូចជា​ធ្វើ​សកម្មភាព​តែម្នាក់ឯង​គត់ មិនមាន​គ្នា ឬ​បក្សពួក​ផ្សេងទៀត​នោះទេ​។ មកដល់ពេលនេះ ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​ថា​តើ វា​ជា​អំពើ​ភេរវកម្ម ឬ​យ៉ាងណា​។​

គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ខាងក្នុង​ផ្សារ​ទំនើប Coop Extra នៅ​ផ្នែក​ខាងលិច​នៃ​ទីក្រុង Kongsberg​។ ហើយ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​អ្នករងរបួស គឺជា​មន្ត្រី​ប៉ូលិស​នៅក្នុង​ហាង​នោះ​ផងដែរ​៕