ក្រសួងសាធារណការអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំកាត់របង ដើម្បីឆ្លងចូលទៅក្នុងផ្លូវល្បឿនលឿន ដោយគ្មានការអនុញ្ញាតជាដាច់ខាត

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំកាត់របង ដើម្បីឆ្លងចូលទៅក្នុងផ្លូវល្បឿនលឿន ដោយគ្មានការអនុញ្ញាតជាដាច់ខាត។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងបានលើកឡើងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបងសុវត្ថិភាព ដែលត្រូវបានសង់ឡើង ក្នុងគោលបំណងការពារមិនឱ្យមានការឆ្លងកាត់ ពីអ្នកថ្មើរជើង សត្វពាហនៈ ឬមធ្យោបាយផ្សេងៗទៀត។ កន្លងមក របងនេះត្រូវបានកាត់ជាច្រើនកន្លែង ដើម្បីធ្វើការចេញចូលដោយគ្មានការអនុញ្ញាត ហើយក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមហ៊ុនសាងសង់ ក៏បានចុះធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះគឺវាបង្ករឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។

ក្រសួងបន្តថា ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការធ្វើចរាចរណ៍ ជាពិសេសការត្រៀមបើកឱ្យដំណើរការសាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរម្លឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាត់របងសុវត្ថិភាពនេះបន្តទៀត ហើយចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន។

ជាក់ស្តែង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ឡើយ។ ផ្លូវនេះ មានផ្លូវឆ្លងកាត់ទទឹងក្រោមដី ២០១កន្លែង និងស្ពានរំលងកាត់ទទឹង ២០ស្ពាន សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីចង់ឆ្លងកាត់ ដោយមិនប៉ះពាល់ដល់ចរាចរណ៍ លើផ្លូវល្បឿនលឿនឡើយ៕