វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៨,៩៨២ករណីបន្ថែមទៀត និងស្លាប់៨១នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៨,៩៨២ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៨១ នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន០៦ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,៣៨៨ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០០៩,៨៧៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៥៦,២១១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៩៣០នាក់៕