សង្វៀនជល់មាន់ និងល្បែងជាច្រើប្រភេទនៅភូមិចាំយាម ឃុំបាក់ខ្លង បើកដំណើរការលេងធម្មតា ខណៈប្រភពខ្លះអះអាងថា មានច្បាប់

ខេត្តកោះកុង ៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចុះបង្ក្រាបទីតាំងល្បែងអត់ច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង។

ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខេត្តកោះកុងក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែមានចម្ងល់ថា ចុះហេតុអ្វីបានជាសង្វៀនបញ្ជល់មាន់ និងលេងល្បែងគ្រប់ប្រភេទ ទីតាំងនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅតែ បើកលេងជាធម្មតា ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យដដែលដូច្នេះ ? ។

ទន្ទឹមនោះគេថែមទាំងឭពេញរន្ធត្រចៀកនូវការអួតអាងរបស់មន្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់ទីតាំងល្បែងនោះ ដែលបាន និយាយថា គេអត់ខ្លាចការបង្ក្រាបទេ ព្រោះទីតាំងល្បែងនោះមានច្បាប់ ហើយគេសុំឲ្យសារព័ត៌មានចុះផ្សាយថែមទៀត ដើម្បីឲ្យទីតាំង ល្បែងរបស់គាត់កាន់តែល្បីផងដែរ។ តាមភាសានោះស្តាប់ទៅមិនធម្មតានោះទេ សម្រាប់ទីតាំងល្បែងមួយនេះសម្រាប់ទឹកដីខេត្តកោះកុង ក៏ដូចសម្រាប់ទូទាំងប្រទេស ហើយសូមអបអរសាទរផង។

ប៉ុន្តែតាមប្រភពជាច្រើនបានបញ្ជាក់ថា ទីតាំងល្បែងមួយនេះ ពុំមានច្បាប់ពេញលេញនោះទេ ព្រោះថា គេបានបើកឲ្យពលរដ្ឋខ្មែរចូល លេងយ៉ាងអនាធិបតេយ្យ ឬអាចនិយាយថា អ្នកញៀនល្បែង ដែលចូលទៅលេងស្ទើរតែទាំងអស់សុទ្ធសឹងជាពលរដ្ឋខ្មែរ។ អាច និយាយម្យ៉ាងទៀតថា បើទោះជាមានច្បាប់ ក៏ខុសច្បាប់ដែរ ប្រសិនបើគេបើកឲ្យជនជាតិខ្មែរចូលលេងគគ្រឹកគគ្រេងដូច្នេះនោះ។

ពាក់ព័ន្ធទីតាំងល្បែងខាងលើនេះ ភ្នំពេញដេលី Phnom Penh Daily , ppd-news.net បានព្យាយាមសុំការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធផងដែរ ប៉ុន្តែពុំទទួលបានការឆ្លើយតបនោះទ្បើយ ។ ប៉ុន្តែតាមប្រភពជាច្រើនបានបញ្ជាក់ថា ទីតាំងនោះមិនមានច្បាប់ទេ ព្រោះថា ច្បាប់បើកកាស៊ីណូដែលម្ចាស់ទីតាំងគេយកមកបង្ហាញថា មានច្បាប់នោះ មានម្ចាស់ឈ្មោះ ផ្សេងគ្នាពីម្ចាស់ទីតាំងបញ្ជល់មាន់ និង ល្បែងខាងលើនេះ។

យ៉ាងណាក៏ដោយ ភ្នំពេញដេលី Phnom Penh Daily , ppd-news.net ចុះផ្សាយនេះគ្រាន់តែជាការផ្តល់ព័ត៌មានបឋមសម្រាប់ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងពេលដែលទូទាំងប្រទេសកំពុងរួមគ្នាចុះបង្ក្រាបបនល្បែងខុសច្បាប់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង៕