
មនុស្ស១៥នាក់ស្លាប់ និងរបួស ក្នុងករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតក្នុងវិហារឥស្លាមនៅអាហ្វហ្គានីស្ថាន
កាប៊ុល ៖ មនុស្ស៣នាក់បានស្លាប់ និង១២នាក់ផ្សេងទៀរងរបួស ក្នុងហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតមួយនៅខាងក្នុងវិហារអ៊ីស្លាមមួយកន្លែងក្នុងតំបន់ Spin Ghar នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន អំឡុងពេលការធ្វើពិធីអធិស្ឋានកាលពីថ្ងៃសុក្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter។
លោក Atal Shinwari អ្នកស្រុកនៅតំបន់កើតហេតុនោះ បាននិយាយថា ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល១ និង៣០នាទីរសៀល (ម៉ោងក្នុងស្រុក)។
សូមរម្លឹកថា ប៉ុន្មានខែចុងក្រោយនេះ ហេតុការណ៍នៃការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត ក្នុងវិហារឥស្លាម នៅអាហ្វហ្គានីស្ថាន តែងតែកើតមានជារើយៗ ប៉ុន្តែហាក់គ្មានការអើរពើពីសំណាក់រដ្ឋាភិបាលតាលីបង់ទាល់តែសោះ ចំពោះហេតុការណ៍ទាំងអស់នេះ៕