មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ នាចុងខែនេះ

ខេត្តត្បូងឃ្មុំ ៖ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ រួមដំណើរដោយឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងសាលាខេត្ត-មន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ

អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ និងបំពាក់ឧបករណ៏បរិក្ខាពេទ្យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យខ្នាតយក្ស ប្រកបដោយបរិក្ខារទំនើប កសាងឡើងក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដោយបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។

បើតាមលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ ឲ្យដឹងថា មន្ទីរពេទ្យនេះ មានអគារចំនួន៨ខ្នង ០៥ជាន់ កំម្ពស់២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន៥ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន៥ជាន់ អគារវេជ្ជសាស្រ្ត អាគាររដ្ឋបាលនិងស្នាក់នៅចំនួន២ជាន់ និងអគារផ្សេងៗទៀត១ជាន់ ដែលមានផ្ទៃដីសរុប ៧៥,៥៧០ម៉ែត្រការ៉េ សាងសង់លើផ្ទៃដីចំនួន៥៥,៨១៤ម៉ែត្រការ៉េ ៕ ដោយ ៖ ស៊ាន ច័ន្ទដា