សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​អាវុធ​ជាង​៤០​ដើម​ដែល​ប្រទះឃើញ​នៅ​ស្រុក​ភ្នំព្រឹក​

ខេត្តបាត់ដំបង ​៖ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​អាវុធ​ជាង​៤០​ដើម នៅ​ចំណុច​ចម្ការ​មៀន ស្ថិតក្នុង​ក្រុមទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំព្រឹក ចុះ​ពិនិត្យ​និង​រិ​ប​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​។​

​អភិបាលស្រុក​ភ្នំព្រឹក លោក ​សុង សុភ័ក្រ ​បាន​ឲ្យ​ដឹងថា កាំភ្លើង​ទាំងនេះ​អាចជា​កាំភ្លើង​សម្រាប់​នាំចេញ ព្រោះ​តំបន់​ចម្ការ​មៀន​នេះ​នៅជាប់​មាត់​អូរ​នៃ​ព្រំដែន​កម្ពុជា ថៃ ហើយ​កាំភ្លើង​ទាំងអស់នេះ​បាន​ច្រក​ទុក​ក្នុងកា​រ៉ុង លាក់​ក្នុង​ចំការ​មៀន​អាច​នឹង​នាំ​ចេញទៅ​ប្រទេស​ថៃ ព្រោះ​កាំភ្លើង​ទាំងនេះ មាន​អ្នក​យកមក​លាក់ទុក​នៅ​ទីនេះ រួចជាស្រេច បម្រុង​នាំចេញ​ទៅ​ប្រទេស​ថៃ ដែល​នៅ​តំបន់​នេះ​មិនមាន​លេណដ្ឋាន​ទ័ព​នោះទេ ។​

​លោកបានបញ្ជាក់​ថា បច្ចុប្បន្ន​កាំភ្លើង​ទាំងអស់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បានប្រគល់​ជូន​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥៣ និង​ការិយាល័យ​គ្រប់គ្រង​អាវុធជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត ទៀត​។

សូមជម្រាបថា អាវុធ​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នោះ​រួមមាន កាំភ្លើង​វែង ប្រភេទ​អាកា​( AK)​ស្វ​យ័​បត់ ចំនួន​៤០​ដើម បង់​ចំនួន​៤៧​បង់ និង​កាំភ្លើង M79​ចំនួន​៣​ដើម​៕​