អបអរសាទរ ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក នៅ​អេ​ស្ប៉ា​ញ​

ភ្នំពេញ ៖ កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣៧​ទល់​២៩ នៅក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០២១ នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ​។​

​មុននឹង​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ពិភពលោក​ឆ្នាំ​២០១៧ របស់​កម្ពុជា​រូបនេះ បាន​យកឈ្នះ​កីឡាការិនី​កាណាដា នៅ​វគ្គ​១/៤ ក្នុង​លទ្ធផល ២៩​ទល់​២ និង​បន្ត​ឈ្នះ​កីឡាការិនី​ន័​រវេ​ស នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ២៥​ទល់​១៨ ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ត​ឈ្នះ​កីឡាការិនី​ថៃ ក្នុង​លទ្ធផល ៣៧​ទល់​២៩​។ ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​កីឡាការិនី អ៊ុក ស្រីមុំ ក្លាយជា​កីឡាការិនី​ទី​២​របស់​កម្ពុជា ដែល​រកបាន​មេដាយមាស​ទី​៥​ជាប់ៗ​គ្នា បន្ទាប់ពី​វីរ​កីឡាការិនី កែ ឡេង ដែល​ឈ្នះ​ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២១​។​​គួររំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់​ឈ្នះ​មេដាយមាស​ជូន​ជាតិ​ម្តងមកហើយ ក្នុង​ឆ្នាំ​២០១៧ ជា​វិញ្ញាសា​ឯកត្តជន​។​

​សូមបញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​ក្រុមកីឡា​ប៉េតង់​ជម្រើសជាតិ ២​ក្រុម ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក ក្នុងនោះ​ក្រុមកីឡា​ការិនី ៤​រូប បានចេញ​ដំណើរ​ទៅ​ចូលរួម​ការប្រកួត​មុន ពីថ្ងៃ​ទី​១២-១៤ ខែវិច្ឆិកា មុន​ក្រុម​បុរស ដែល​គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដើម្បី​ត្រៀម​ការប្រកួត ពីថ្ងៃ​ទី​១៩-២១ ខែវិច្ឆិកា​ខាងមុខ​។ ចំពោះ​បេក្ខភាព​កីឡាករ​មាន​៤​រូប​ដូចគ្នា រួមមាន អតីត​ម្ចាស់​មេដាយមាស​ពិភពលោក ឆ្នាំ​២០១៦ សុខ ចាន់​មាន ថោង ឈឿន ញ៉ែម បូរ៉ា និង​កីឡាករ ស៊ឹង វង់​។ បេសកកម្ម​នេះ ដឹកនាំ​ដោយ​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​៕​