
ចាន់ វឌ្ឍនាកា និងសមាជិក៥នាក់ទៀត នៃក្រុមជម្រើសជាតិឆ្លងកូវីដ១៩
ភ្នំពេញ ៖ ខ្សែប្រយុទ្ធជម្រើសជាតិឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិ៥នាក់ទៀត ឆ្លងកូវីដ១៩។ នេះបើតាមការបញ្ជាក់ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
ក្នុងសន្និសីទដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា កីឡាករទាំង៦នាក់ ដែលឆ្លងជំងឺកូវីដ១៩ រួមមាន ៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង អ៊ាន ពិសី។
បច្ចុប្បន្នពួកគេកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ១ ដែលរៀបចំដោយក្រសួងសុខាភិបាលនៅប្រទេសបារ៉ែន។ រីឯកីឡាករ និងក្រុមការងារក្រុមជម្រើសជាតិកម្ពុជាផ្សេងទៀត មិនមានបញ្ហាអ្វីនោះទេ បន្ទាប់ពីធ្វើតេស្ដ PCR ហើយពួកគេនឹងត្រូវចាកចេញពីបារ៉ែននាល្ងាចនេះ លើកលែងតែកីឡាករវិជ្ជមានកូវីដ-១៩ ដែលត្រូវសម្រាកព្យាបាលនៅបារ៉ែន រហូតជាសះស្បើយ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សហព័ន្ធបានបន្តថា ស្ថានភាពសុខភាពរបស់ពួកគេគឺធម្មតា ដោយសារស្ថានភាពជំងឺស្រាល ហើយសង្ឃឹមថា នឹងជាសះស្បើយឆាប់ៗនេះ។
គួរបញ្ជាក់ថា ការឆ្លងជំងឺរាតត្បាតជាសកលរបស់កីឡាករជម្រើសជាតិខាងលើ កើតមានឡើងអំឡុងពេលក្រុមគោព្រៃកម្ពុជា ធ្វើការប្រកួតជម្រុះ Play-Off ជាមួយកោះហ្គាំ ដោយបានយកឈ្នះទាំង២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023៕