អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងពង្រឹងឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកបុណ្យអ៊ុំទូក

ភ្នំពេញ ៖​ ឯកឧត្ដម ឃួង ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការអនុវត្តវិធាន៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុន សែន។

ការជំរុញបែបនេះរបស់​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី ១៥ខែវិច្ឆិកានេះនៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី១៨ខែវិច្ឆិកាខាងមុខនេះក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តមកលេងនៅរាជធានីភ្នំពេញ ពិសេសត្រូវបង្កើតឲ្យមានការប្រចាំការទាំងសមត្ថកិច្ចទាំងអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធមួយចំនួន។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនិងប៉ូលីសប៉ុស្តិ៍រដ្ឋបាល ត្រូវមានកម្លាំងប្រចាំការដើម្បីទទួលពាក្យបណ្ដឹងបងប្អូនប្រជាពលរដ្ឋ។ បើមិនមានអ្នកប្រចាំការ ដើម្បីទទួលពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋទេ រដ្ឋបាលរាជធានីភ្នំពេញមិនអាចទទួលយកបានទេ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា បញ្ហាជំងឺកូវីដ-១៩មកដល់បច្ចុប្បន្ននេះ ស្ថានភាពបានធូរស្រាលមួយកម្រិតធំហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើង ត្រូវតែបន្តការយកចិត្តទុកដាក់អោយខ្លាំងក្លាដដែរ ពោលគឺត្រូវបន្តការផ្សព្វផ្សាយ ការណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពាររបស់សម្តេចតេជោហ៊ុន សែន។ បន្ថែមពីលើនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញអោយយកចិត្តទុកដាក់ទៅលើការផ្ដល់សេវា ចាក់វ៉ាក់សាំងជូនកុមារអាយុ ៥ឆ្នាំ ដោយគិតមកដល់ពេលនេះ កុមារមានអាយុ៥ឆ្នាំ ទទួលការចាក់វ៉ាក់សាំង covid-19 បានចំនួនជាង៣ម៉ឺននាក់ហើយ ក្នុងចំណោមកុមារអាយុ៥ឆ្នាំដែលត្រូវទទួលការចាក់វ៉ាក់សាំងទាំងអស់ នៅក្នុងរាជធានីភ្នំពេញចំនួន៤៩៨៤៣នាក់។

ក្រៅពីនេះឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់លើការជំរុញឲ្យបងប្អូនប្រជាពរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញផងដែរ ពោលគឺបបើបងប្អូនប្រជាពលរដ្ឋដែលមិនអាចទទួលការចាក់វ៉ាក់សាំងបាន ដោយសារបញ្ហា ពិការភាពជាដើមនោះ ក្រុមគ្រូពេទ្យត្រូវទៅចាក់វ៉ាក់សាំងជូនពួកគាត់ដល់ផ្ទះតែម្តង។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ក៏ជាបញ្ហាដែល​ឯកឧត្ដម ឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចប្រជុំនោះផងដែរ ដើម្បីឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងស្អាតមានបរិស្ថានល្អ។ បន្ថែមពីនេះលោកឃួង ស្រេង នៅបានជម្រុញអោយក្រុមសមត្ថកិច្ចដូចជាអាជ្ញាធរមូលដ្ឋានត្រូវចុះល្បាតជាប្រចាំ ដើម្បីតាមដានរាល់សកម្មភាពការលួចបើកខារ៉ាអូខេ ក្លឹបកំសាន្តនិងរង្គសាល ហើយចំពោះទីតាំងដែលបានអនុញ្ញាត ដូចជាភោជនីយដ្ឋានទីតាំងហូបចុកមួយចំនួន ក៏ត្រូវតែចុះពិនិត្យមើលផងដែរ ថាតើ ពួកគាត់បានអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ៕