
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥.៩៤៧ករណីបន្ថែមទៀត និងស្លាប់៦២នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៥.៩៤៧ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៦២នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃចន្ទម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៧.៩៤៣ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២.០០១.៨៣៧ នាក់ដែលក្នុងនោះ ១.៨៩១.០២៦ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ២០.០៤៩ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ២០.១៤៣ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕