ប្រជាជនជាង ៣.៦លាននាក់បាននិងកំពុងពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើធនធានធម្មជាតិ នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប

ភ្នំពេញ ៖ ប្រជាជនជាង ៣.៦លាននាក់ បាននិងកំពុងពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើធនធានធម្មជាតិ នៃឋបនីយជីវមណ្ឌល បឹងទន្លេសាប។ តំបន់នេះ​ជា​តំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែប​នៅ ក្នុងតំបន់ ក៏ដូចជានៅក្នុង​ពិភពលោក ដែលបាន​ផ្តល់ជា​ទីជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០ប្រភេទ។

បឹងទន្លេសាប គ្របដណ្តប់លើផ្ទៃដីទំហំជាង ១.៤លានហិកតា ត្រូវបានទទួលស្គាល់ជាឋបនីយជីវមណ្ឌលរបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៧ ដែលជាផ្នែកមួយ នៃកម្មវិធីមនុស្ស និងជីវមណ្ឌល របស់អង្គការយូណេស្កូ។ ចាប់ផ្តើមក្នុងឆ្នាំ១៩៧១ កម្មវិធីមនុស្ស និងជីវមណ្ឌល គឺជាកម្មវិធីអន្តររដ្ឋាភិបាលបែបវិទ្យាសាស្រ្ត ដែលត្រូវបានប្រារព្ធខួបលើកទី ៥០ឆ្នាំ ក្នុងឆ្នាំ ២០២១ នេះ ។ កម្មវិធីនេះមានគោលបំណងបង្កើតមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីបង្កើនទំនាក់ទំនងរវាងមនុស្ស និងបរិស្ថាន។

ឋបនីយជីវមណ្ឌលបឹងទន្លេសាប គឺជាកន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួមបញ្ចូលនូវមុខងារសំខាន់ៗចំនួនបីរួមមាន ៖ ១- ការអភិរក្សជីវៈចម្រុះ និងភាពសម្បូរបែបនៃវប្បធម៌។ ២- ការអភិវឌ្ឍសេដ្ឋកិច្ចដោយធានាបាននូវនិរន្តរភាពសង្គម វប្បធម៌ និងបរិស្ថាន និង៣- ផ្តល់ចំណេះដឹងដល់ការអភិវឌ្ឍតាមរយៈការស្រាវជ្រាវ ការត្រួតពិនិត្យ ការអប់រំ និងការបណ្តុះបណ្តាល។

ឋបនីយជីវមណ្ឌល ផ្តល់ជាយន្តការសម្រាប់ការចូលរួមរបស់សហគមន៍មូលដ្ឋាន អ្នកបង្កើតគោលនយោបាយ ស្ថាប័ន​អប់រំ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដែលចាប់អារម្មណ៍ក្នុងការរៀបចំផែនការ និងការគ្រប់គ្រង។

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ក្រសួងបរិស្ថានបានសហការជាមួយអង្គការយូណេស្កូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បាន និងកំពុងរៀបចំការគ្រប់គ្រងបែបសមាហរណកម្មនៅឋបនីយជីវមណ្ឌលបឹងទន្លេសាប។ យន្តការពិសេសមួយនេះ នឹងជួយសម្របសម្រួលបង្កើនការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរចំណេះដឹង ជាមួយដៃគូពាក់ព័ន្ធទាំងអស់៕(ក្រសួងបរិស្ថាន)