ឯកឧតុ្តម ម៉ែន វិបុល នាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តចែកពលរដ្ឋងាយរងគ្រោះ ចំនួន៦០គ្រួសារមកពី៦ឃុំ ក្នុងស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  ឯកឧតុ្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និង ឯកឧត្តម ជុំ ហាត អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខាខេត្ត បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទាល់ក្រ ចំនួន៦០ គ្រួសារមកពីរ៦ឃុំក្នុងស្រុកចន្ទ្រា។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្តមអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស អាជ្ញាធរមូលដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសក្មួយៗចៅដែលកំពុងសិក្សារៀនសូត្រតាមសាលា។ ទន្ទឹមនោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវជាពិសេសពេលធ្វើដំណើរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ម្យ៉ាងទៀតត្រូវធើ្វការអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

អំណោយដែលបានផ្តល់ជូនក្នុង ១គ្រួសារទទួលបាន ៖ អង្ករ៣០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកាធ្វើដំណើរ៥០,០០០ រៀល៕ ដោយ ៖ ភក្តី