ឯកឧត្តម មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ ដង្ហែអង្គកឋិនទានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តព្រះពុទ្ធមានជ័យ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានប្រារព្ធធ្វើពិធីបុណ្យកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីបុណ្យរួមមាន ឯកឧត្តមអភិបាលរងខេត្ត ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកតាជី យាយជី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រះពុទ្ធមានជ័យជាច្រើនរូបទៀត ។

មានប្រសាសន៍ទៅកាន់ព្រះសង្ឃព្រមទាំងលោកតាជី យាយជី នាឱកាសនោះឯកឧត្តម មាស សុភា បានឲ្យដឹងថា ក្នុងរបប០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ ប្រទេសកម្ពុជាបានទទួលរងនូវវិនាសសកម្មខ្ទេចខ្ទាំស្ទើរគ្មានសល់ដោយសារពួកអាវខ្មៅ តែក្រោយថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ប្រទេសរបស់យើងត្រូវបានរស់ឡើងវិញក្នុងនោះ រួមទាំងព្រះពុទ្ធសាសនា និងសាសនាផ្សេងៗទៀត។ ហើយព្រមទាំងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសដទៃទៀត ទូទាំងពិភពលោកត្រូវបានទទួលរងផលប៉ះពាល់សាជាថ្មីម្ដងទៀត ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមក៏ដូចជាសាសនាព្រមទាំងធ្វើឱ្យបាត់បង់នូវអាយុជីវិតរបស់មនុស្សទៀតផងដោយសារជម្ងឺជាសកលកូវីដ-១៩ ។

ឯកឧត្តមបន្តថា ដោយសារវិបត្តិនៃជម្ងឺកូវីដ-១៩នេះ បានធ្វើឲ្យរាជរដ្ឋាភិបាលបានខិតខំខ្នះខ្នែងគ្រប់ឧបសគ្គ និងបានអនុវត្តគ្រប់វិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះ ។ រហូតមកដល់ពេលនេះបញ្ហាកូវីដ-១៩ ក៏ត្រូវបានធូរស្បើយ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅទូទាំងប្រទេស និងស្របពេលដែលប្រទេសមួយចំនួនបានផលិតនូវថ្នាំដើម្បីព្យាបាល ជំងឺកូវីដ-១៩នេះ ។ ទន្ទឹមនោះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» ជាបន្តទៀត ។

សូមបញ្ជាក់ថា អង្កឋិនទាននាថ្ងៃនេះ ឯកឧត្តម មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណបាននាំយកមកប្រគេនជូនព្រះសង្ឃ នូវបច្ច័យមួយចំនួនរួមមានអង្ករ ២០០គីឡូក្រាម អំបិល១០០គីឡូក្រាម មី ០៥កេស ទឹកក្រូច ០៥កេស ទឹកសុទ្ធ ១០កេស ព្រមទាំងសម្ភារៈកឋិនមួយឈុត និងថវិកាចំនួន ៣៥,៣០០,០០០រៀល ជូនព្រះសង្ឃដែលបានចូលរួម ក្នុងកម្មវិធីចំនួន ០៩អង្គ ក្នុងមួយអង្គៗ ទទួលបានថវិកា ១០ម៉ឺនរៀល ស្លាដក់០១ ជូនព្រះសង្ឃក្នុងវត្តចំនួន ១៣អង្គ ក្នុងមួយអង្គៗ ទទួលបានថវិកា ០៥ម៉ឺនរៀល ជូនលោកតាជី យាយជី ក្នុងម្នាក់ៗ ០២ម៉ឺនរៀលផងដែរ៕