អភិបាលខេត្តមណ្ឌលគិរីអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្ដីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តមថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ តាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ។

អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងគោលបំណង ឲ្យសហគ្រាសធុនតូច និងធុនមធ្យម នៅក្នុងខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ដោយរៀបចំខ្លួនឲ្យសមស្របទៅនឹងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ជាពិសេស កម្ចីពីធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការងារធុរ:កិច្ចឲ្យបានរីកចម្រើនបន្ថែមទៀត ។

នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាល បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរ ចំពោះប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានសហការគ្នា ផ្ដួចផ្ដើមរៀបចំសិក្ខាសាលានេះឡើង និងស្នើដល់សិក្ខាកាមទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានចំណេះដឹងបង្កើននូវសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យមានការរីកចំរើនទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូណ៍ ខ្លាំងក្លាប្រាជ្ញាឈ្លាសវៃ ទទួលបានជ័យជំនះគ្រប់ភារកិច្ច បានជាផុតពីជំងឺកូវីដ១៩ និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ផែង ផល្លិត