ក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរអូរឈើទាល ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយឆ្នេរ

ខេត្តព្រះសីហនុ ៖ លោក ជួប សីហា ប្រធានក្រុមការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងជាប្រធានក្រុមការងារគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរអូរឈើទាល នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះមករៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយឆ្នេរដោយចែកលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្ដីពីការមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិញ្ចើមផ្លូវ ទ្រូងផ្លូវក្រាលក្រានីតចតយានយន្តគ្រប់ប្រភេទ និងធ្វើអាជីវកម្មផ្ទាល់ខ្លួន ឬដាក់តាំងលក់របស់របរផ្សេងៗ។

ក្នុងឱកាសនោះដែរ លោកក៏បានអប់រំបងប្អូនឲ្យចេះរៀបចំវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ និងណែនាំអាជីវករលក់ដូរចល័តទាំងអស់ដែលគាត់លក់នៅតាមបណ្ដោយឆ្នេរអូរឈើទាលក៏ដូចឆ្នេរផ្សេងៗ តម្រូវឱ្យគាត់រៀបចំទៅតាមសេចក្តីណែនាំដូចខាងក្រោម ៖

ទី១. មិនអនុញ្ញាតឲ្យពួកគាត់ទាំងអស់គ្នាធ្វើការបែងចែកតាមបណ្ដោយឆ្នេរធ្វើជាកន្លែងគ្រប់គ្រងឯកជនឡើយដោយកន្លងមកពួកគាត់ច្រើនតែវាទីកន្លែងនេះជារបស់ពួកគាត់ដោយទុកដាក់តុកៅអីសម្រាប់ជួលឲ្យភ្ញៀវទេសចរ។

ទី២. មិនអនុញ្ញាតឲ្យគាត់ដាក់តុដាក់កៅអីនៅលើឆ្នេរជាដាច់ខាតដោយការដាក់តុកៅអីនេះប៉ះពាល់ដល់សោភ័ណភាពបរិស្ថានតំបន់ឆ្នេរឬក៏ប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចង់មកលេងកម្សាន្តនៅតាមឆ្នេរមិនអាចក្រាលកន្ទេលឬតង់អង្គុយលេងបានត្រូវចំណាយលុយ។

ទី៣. អនុញ្ញាតឲ្យដាក់កន្ទេលតែមិនឱ្យក្រាលជាប្រចាំទេ តែភ្ញៀវទេសចរអាចជួលកន្ទេលពីរនាក់លក់ដូរចល័តបាន ចំពោះបញ្ហាសំរាមមិនយកលុយពីភ្ញៀវទេសចរទេ គឺតម្រូវឲ្យភ្ញៀវទេសចរចូលរួមគោរពនិងអភិរក្សឆ្នេរដោយធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ហើយយកទៅទុកដាក់មុននឹងពួកគាត់ត្រឡប់ទៅវិញ។

លោក ជួប សីហា បានបន្តទៀតថា ថ្ងៃនេះជាលើកចុងក្រោយចំពោះអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលក៏ដូចឆ្នេរផ្សេងៗ អប់ រំនិងទទូចអង្វរជាលើកចុងក្រោយសូមឲ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរក្នុងករណីដែលគាត់នៅមិនគោរពទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំមានឯកឧត្តមអភិបាលខេត្ត គួច ចំរើន និងលោកអភិបាលក្រុង អ៊ី សុខឡេង និងដោយមានការសហការពីមន្ទីរពាក់ព័ន្ធទាំងអស់នឹងបង្ខំចិត្តធ្វើ ដើម្បីឲ្យឆ្នេរយើងស្អាតដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងការពារផលប្រយោជន៍បងប្អូនភ្ញៀវទេសចររបស់យើងដោយពួកគាត់មកលេងត្រូវការចំណាយលុយជួលកន្លែងគេជាដើម៕ ដោយ ៖ ទឹង សុភាព