រដ្ឋបាលក្រុងព្រះសីហនុជូនដំណឹងពីការបិទការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវបំបែកពីផ្លូវជាតិលេខ៤ (ខ្ទមលោកយាយម៉ៅ) រយៈពេល១៥ថ្ងៃ

ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ការស្ថាបនាផ្លូវបេតុង ចាប់ពីចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ៤ (ខ្ទមលោកយាយម៉ៅ) ទៅតំបន់ទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានប្រវែង ១.៥០០ម៉ែត្រទទឹង ៨,២៥ ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ ជាជំនួយសប្បុរសធម៌របស់លោកឧកញ៉ា អ៊ូ ឆាយ បាននឹងកំពុងដំណើរការស្ថាបនាផ្លូវបេតុងខាងលើនេះរួចរាល់មួយចំហៀងហើយ ហើយក្រុមហ៊ុនត្រូវបន្តការចាក់បេតុងផ្លូវមួយចំហៀងទៀត។ ផ្លូវមួយចំហៀងដែលបានចាក់បេតុងរួចរាល់នោះ ស៊ីម៉ងត៍នៅខ្ចីមិនទាន់រឹងមាំនៅឡើយ ដែលមិនអាចឱ្យរថយន្ត ឬរឺម៉កកង់បីបើកបរពីលើបាន ប៉ុន្តែចំពោះម៉ូតូ-កង់ អាចធ្វើចរាចរបានជាធម្មតា។

រដ្ឋបាលក្រុងព្រះសីហនុ នឹងបិទការធ្វើចរាចរឆ្លងកាត់កំណាត់ផ្លូវនេះជាបណ្តោះអាសន្នរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីចំណុចផ្លូវបំបែកពីផ្លូវជាតិលេខ៤ (ខ្ទមលោកយាយម៉ៅ) ទៅតំបន់ទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមធ្វើដំណើរវាងតាមផ្លូវលេខ១៤៨ វិថីតិរវិថីសម្តេចតេជោហ៊ុនសែន (តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ដែលមានគំនូសសញ្ញាព្រួញចង្អុលបង្ហាញ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងសូមយោគយល់ អធ្យាស្រ័យ ព្រមទាំងចូលរួមសហការដើម្បីឱ្យដំណើរការជួសជុលកំណាត់ផ្លូវបេតុងនេះបានទាន់ពេលវេលា សុខសុវត្ថិភាព និងជោគជ័យតាមផែនការគ្រោងទុក៕ ដោយ ៖ ទឹង សុភាព