Hun Sen Cup ថ្នាក់ជាតិ រកឃើញ​បេក្ខភាព​៤​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​​ហើយ​

ភ្នំពេញ ៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឬ​ពាន Hun Sen Cup លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ បាន​រកឃើញ​បេក្ខភាព​៤​ក្រុម​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយដោយ​រួមមាន ក្រុមបាល់ទាត់​បឹងកេត វិសាខា ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ភ្នំពេញ​ក្រោ​ន​។​

​មុន​ឡើងមក​វគ្គ​នេះ ក្រុម​បឹងកេត បានឈ្នះ​លើ​ណាហ្គា​វើ​ល៏ ដោយ​បាល់​កាត់ក្ដី​១១​ម៉ែត្រ​លទ្ធផល ៧-៨ បន្ទាប់ពី​៩០​នាទី​ក្រុម​ទាំងពីរ​ស្មើគ្នា ២-២ ខណៈ​វិសាខា បាន​យកឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៦-០​។ ចំណែក ព្រះខ័ន​រាជ​ស្វាយរៀង យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៣-០ គ្រា​ដែល​ភ្នំពេញ​ក្រោ​ន យកឈ្នះ អគ្គីសនី​កម្ពុជា ១-០​។​

​សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ដោយ បឹងកេត ប៉ះ វិសាខា ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ជួប ភ្នំពេញ​ក្រោ​ន​។​ ដោយឡែក​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ​ខែវិច្ឆិកា ឆ្នាំ​២០២១៕