UPDATE ៖ អ្នកទោសទាំង៧នាក់ ដែលហែកគុក នៅខេត្តស្ទឹងត្រែងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចចាប់បានមកវិញអស់ហើយ

ខេត្តស្ទឹងត្រែង ៖ អ្នកទោសចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចបន្តតាមប្រម៉ាញ់ចាប់បានមកវិញហើយ ក្រោយពួនសម្ងំលាក់ខ្លួនតាមព្រក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងរយៈពេល១សប្តាហ៍មកនេះ ។ បើគិតត្រឹមវេលាម៉ោង១១ ព្រឹក ក្នុងថ្ងៃទី១៧វិច្ឆិកានេះ សមត្ថកិច្ចចាប់បានអ្នកទោស២នាក់ចុងក្រោយខាងលើនេះ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ។

បើតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ចស្ថិតក្នុងសកម្មភាពតាមចាប់ខ្លួនអ្នកទោសនោះបានប្រាប់ថា អ្នកទោសចំនួន២នាក់ដែលចាប់បានក្នុងពេលនេះ គឺជាអ្នកទោសចុងក្រោយ ក្នុងចំណោមអ្នកទោសទាំង៧នាក់ ហើយសមត្ថកិច្ចតាមចាប់បាន៥នាក់បន្តបន្ទាប់គ្នា ។

គួររំលឹកថា ក្រុមអ្នកទោសចំនួន៧នាក់ដែលធ្វើសកម្មភាព ទម្លុះជញ្ជាំងរបងពន្ធនាគារនាំគ្នារត់គេចខ្លួន កាលពីវេលាទាបភ្លឺក្នុងថ្ងៃទី៨ វិច្ឆិកាកន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានបន្តបន្ទាប់មកវិញបានទាំង៧នាក់គ្រប់ចំនួនវិញអស់ហើយ។ ដោយអ្នកទោសទាំង២នាក់ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះមានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងឈ្មោះ សៀន ខន (ជនជាតិឡាវ) ៕ ដោយ ៖ ម៉ាវិន