មណ្ឌលយុវនីតិសម្បទា ក្នុងស្រុកកណ្តាលស្ទឹងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែធ្នូ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមណ្ឌលយុវនីតិសម្បទា ស្ថិតនៅក្នុងឃុំបារគូរ ស្រុកកណ្តាលស្ទឹង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

នាឱកាសចុះពិនិត្យមណ្ឌលនេះ ឯកឧត្តម វង សូត បានបញ្ជាក់ថា បើយោងតាមច្បាប់ស្តីពីយុត្តិធម៌អនីតិជន មណ្ឌលយុវនីតិសម្បទា គឺជាមណ្ឌលទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គ្រប់គ្រង ថែរក្សា ការពារ ផ្តល់សេវាពិគ្រោះយោបល់ អប់រំ កែប្រែ តម្រង់ទិស ព្យាបាលថែទាំសុខភាពផ្លូវកាយ ផ្លូវចិត្ត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ និងសមត្ថភាពជាក់ស្តែង ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ និងក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមវិញ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា មណ្ឌលយុវនីតិសម្បទានេះ មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ហើយផ្តល់នូវការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឲ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។

សូមជម្រាបថា មណ្ឌលយុវនីតិសម្បទា ត្រូវបានសាងសង់លើផ្ទៃដីជាង ៤ហិកតា ដោយក្នុងមណ្ឌលទាំងមូលរួមមាន ៖ ខ្លោងទ្វារទំហំ១០ម៉ែត្រ កម្ពស់៦ម៉ែត្រចំនួន១។ មានរបងរៀបឥដ្ឋកម្ពស់៣ម៉ែត្រ និងបំពាក់លួសបន្លា ប្រវែង៨៣០ម៉ែត្រ និងមានរបងសំណាញ់ដែក ប្រវែង៧៧០ម៉ែត្រ។ មានផ្លូវបេតុង ទំហំ(៨ម៉ែត្រគុណ ៧៥ម៉ែត្រ) (៤ម៉ែត្រគុណ៣៥ម៉ែត្រ) និងផ្លូវបេតុងជុំវិញមណ្ឌលទំហំ១,៥ម៉ែត្រគុណ ៨៥០ម៉ែត្រ ។ មានអគារស្នាក់នៅអនីតិជន ទំហំ(១០ម៉ែត្រគុណ៥៤ម៉ែត្រ) ចំនួន២ខ្នង អគាររង់ចាំ ទំហំ (១០ម៉ែត្រគុណ២០ម៉ែត្រ) ចំនួន២ខ្នង ឃ្លាំងស្តុកសម្ភារទំហំ (៧៥ម៉ែត្រគុណ១៧,៥ម៉ែត្រ) ចំនួន ១ខ្នង និង ប៉ុស្តិ៍យាម,(ប៉ម) ទំហំ (២ម៉ែត្រគុណ២ម៉ែត្រ) កម្ពស់៣ម ចំនួន៧ និងអាងស្តុកទឹកផ្ទាល់ដី ចំណុះ ១៦ម៉ែត្រគូប ចំនួន១។ មានអគាររដ្ឋបាល ទំហំ (១២ម៉ែត្រគុណ៤៨ម៉ែត្រ) ចំនួន ១ខ្នង ផ្លូវដើរប្រក់ដំបូល ទំហំ (៤ម x ១៦ម) ចំនួន ៦ខ្នង មានអគារស្នាក់នៅមន្ត្រីមណ្ឌល និង បណ្តុះបណ្តាលអនីតិជន ទំហំ (១០ម x ១០៨ម) ចំនួន ១ខ្នង។ មាន អគារស្នាក់នៅអនីតិជន ទំហំ (១០ម x ១០៨ម) ចំនួន ២ខ្នង អគារផ្ទះបាយអនីតិជន ទំហំ (១០.៥ម x ៣៤ម) ចំនួន ១ខ្នង របងខាងមុខ ប្រវែង ៣១០ម មានអគារស្នាក់នៅអនីតិជន ទំហំ (១០ម x ៥៤ម) ចំនួន ២ខ្នង អគារអាហារដ្នានអនីតិជន ទំហំ (២៥ម x ៧៦ម) ចំនួន ១ខ្នង អគារសិប្បកម្ម ទំហំ (៧ម x ១៤ម) ចំនួន ១ខ្នង និងអគារសិប្បកម្ម ទំហំ (១០ម x ២៨ម) ចំនួន ១ខ្នង៕