លោក ឆាង ឆៃ បញ្ជាក់ថា ករណីគ្រឿងចក្រកាយដីនៅចំណុចភ្នំអង្កោលជាគម្រោងការពារផ្លូវភ្លើងក្នុងគោលដៅ៖ ការពារកុំឲ្យភ្លើងឆេះព្រៃ, ការពារការរំលោភបំពានដីរដ្ឋពីសំណាក់ប្រជាពលរដ្ឋ និងកែប្រែទីនេះជាតំបន់អេកូទេសចរណ៍នាថ្ងៃខាងមុខ

ខេត្តកែប ៖ លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ថា ករណីគ្រឿងចក្រកាយដីនៅចំណុចភ្នំអង្កោល ជាគម្រោងការពារផ្លូវភ្លើងក្នុងគោលដៅ៖ ការពារកុំឲ្យភ្លើងឆេះព្រៃ, ការពារការរំលោភបំពានដីរដ្ឋពីសំណាក់ប្រជាពលរដ្ឋ និងកែប្រែទីនេះជាតំបន់អេកូទេសចរណ៍នាថ្ងៃខាងមុខ។

ចំណែកលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ក៏បានបញ្ជាក់ស្រដៀងគ្នាដែរថា នេះជាគម្រោងចាស់ទេ ហើយការធ្វើដើម្បីការពាររំលោភយកដីពីសំណាក់អ្នកកាន់កាប់នៅខាងក្រោម, ងាយស្រួលអន្តរាគមន៍ពេលមានករណីភ្លើងឆេះព្រៃ និងអាចបង្កើតទៅជាកន្លែងអេកូទេសចរណ៍ដូចទៅនឹងឧទ្យានជាតិខេត្តកែបនាថ្ងៃខាងមុខ។ លោកបញ្ជាក់ថា គម្រោងនេះជាការស្នើឡើងតាមរយៈសហគមន៍ព្រៃឈើអង្កោលតាដែងសែនជ័យ។ ប៉ុន្តែជាក់ស្តែងមិនដូចជាការលើកឡើងរបស់លោក ឆាង ឆៃ និងលោក ថឹង បូរិន នោះទេ រឿងរ៉ាវពិតនៅពីក្រោយនៃគម្រោងកាយដីភ្នំអង្កោល គឺកាយយកអាចម៍ដីចាក់ធ្វើផ្លូវចូលព្រៃព្រែក ឬព្រៃកោងកាងលិចទឹកក្នុងភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបច្ចុប្បន្នដីព្រៃកោងកាងលិចទឹករបស់់រដ្ឋនៅតំបន់នោះ បានក្លាយជាកម្មសិទ្ធិឯកជនរបស់ក្រុមឈ្មួញ និងបុគ្គលអ្នកមានអំណាចមួយក្តាប់តូចអស់ទៅហើយ។

ប្រជាពលរដ្ឋភាគច្រើនថា អត់បានដឹងពីគម្រោងធ្វើផ្លូវនេះទេ និងមានការឆ្ងល់គ្រប់ៗគ្នា ព្រោះការស្ថាបនាផ្លូវខាងលើនេះហាក់ដូចជាមិនបានបម្រើប្រយោជន៍អ្វីច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ឡើយ តែអាចជាការបម្រើផលប្រយោជន៍សម្រាប់ក្រុមឈ្មួញ និងបុគ្គលមួយក្តាប់តូចដែលមានដីនៅទីនោះច្រើនជាង បានន័យថា ប្រជាពលរដ្ឋទទួលផលចំណេញតិច តែរដ្ឋខូចប្រយោជន៍ច្រើន (ចំណាយច្រើន)។

បើយោងតាមលិខិតមួយច្បាប់របស់ឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៥០៨២៩០២៣ មានអាសយដ្ឋាននៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ គោរពជូនលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប គឺមានកម្មវត្ថុ ស្នើសុំបន្តកាយក្រវ៉ាត់ព្រំព័ទ្ធជុំវិញភ្នំអង្កោល មានទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ខ្លឹមសារនៃលិខិតបានបញ្ជាក់ថា ដើម្បីជួយសម្រួល និងពន្លឿដល់ការស្ថាបនាផ្លូវបេតុង ខ្លួនធ្លាប់បានកាយក្រវ៉ាត់ព្រំមិនទាន់បានចប់សព្វគ្រប់ ទើបពេលនេះស្នើសុំតាមរយៈអាជ្ញាធរពាក់ព័ន្ធដើម្បីចូលរួមបន្ត និងយកដីដែលបានកាយចេញនេះទៅចាក់ធ្វើផ្លូវសាធារណៈក្នុងភូមិសាស្ត្រឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលលិខិតនេះមានចុះហត្ថលេខាពីលោក ទិន បេន មេឃុំអង្កោល, លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ, លោក ជួន សំរួល នាយខណ្ឌរដ្ឋបាលព្រៃឈើកែប, លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ។

ពាក់ព័ន្ធគម្រោងកាយអាចម៍ដីភ្នំអង្កោលនេះដែរ លោកស្រី មាស មករា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកែប បានប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ឲ្យដឹងថា ចំណុចទីតាំងភ្នំអង្កោលនេះគ្មានអាជ្ញាប័ណ្ណទេ ចំពោះករណីគ្រឿងចក្រកាយដីភ្នំនេះ អ្នកស្រីកំពុងតែរៀបចំចំណាត់ការ ដោយបានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យមូលដ្ឋាននោះជាក់ស្តែង ព្រោះការដឹកអាចម៍ដីចេញត្រូវតែបំពេញកតាព្វកិច្ចបង់សួយសារ។ លោកស្រី មាស មករា  បញ្ជាក់បន្ថែមថា គម្រោងណាក៏ដោយឲ្យតែកាយអាចម៍ដីដឹកចេញត្រូវតែបង់សួយសារជូនរដ្ឋ។

មន្ត្រីជំនាញមួយរូបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ថា ពាក់ព័ន្ធនឹងគម្រោងការពារផ្លូវភ្លើង ឬផ្លូវមេព្រៃ ជាសមត្ថកិច្ចរបស់មន្ទីរកសិកម្ម ប៉ុន្តែការជីកដឹករ៉ែចេញជាភារកិច្ចរបស់ ក្រសួងរ៉ែ និងថាមពល ហើយគម្រោងនេះទៀតសោតជាគម្រោងរបស់មេព្រៃ តែធាតុពិតគោលបំណងយករ៉ែធ្វើផ្លូវដោយបំបាត់ចំណូលរដ្ឋតែប៉ុណ្ណោះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា ភ្នំជាសម្បត្តិរបស់រដ្ឋ មិនមែនជាសម្បត្តិរបស់បុគ្គលណាម្នាក់ឡើយ ដោយស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយជួយធ្វើជាព្រាបនាំសារ ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំគ្រាក់ៗខាងលើបានជ្រាបពីករណីនេះផង។

ទោះយ៉ាងណាប្រជាពលរដ្ឋភាគច្រើនបានសម្តែងការមិនពេញចិត្តចំពោះគម្រោងកាយភ្នំអង្កោលនេះទេ ហើយបើមានការកាយដីដូចគម្រោងក្នុងប៉ាណូមែននោះ មិនយូរមិនឆាប់ភ្នំអង្កោលច្បាស់ជារលាយបាត់រូបរាងជាមិនខានឡើយ ថ្ងៃក្រោយអាចក្លាយជាកម្មសិទ្ធិរបស់បុគ្គលអ្នកមានអំណាចណាម្នាក់ទៀតផងក៏មិនដឹង ព្រោះករណីស្រដៀងនេះកើតមានច្រើនមកហើយ។

ប្រជាពលរដ្ឋសំណូមពរថា បើគ្រាន់តែកាយភ្នំយកអាចម៍ដីចាក់ធ្វើផ្លូវចូលព្រៃព្រែកទេ គួរតែអាជ្ញាធររកទីតាំងផ្សេងវិញ ហើយរក្សាទុកភ្នំអង្កោលជាសម្បត្តិធម្មជាតិរបស់រដ្ឋ ដើម្បីរក្សាសោភ័ណភាព និងជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលំហែកាយនៅរមណីយដ្ឋានឆ្នេរអង្កោល ដែលមានទីតាំងស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

តើមានឈ្មួញ និងបុគ្គលអ្នកមានអំណាចណាខ្លះដែលមានដីនៅទីនោះ ? ហើយមន្ត្រីថ្នាក់ណាខ្លះដែលជាប់ពាក់ព័ន្ធការឃុបឃិតលក់ដីព្រៃកោងកាងលិចទឹករបស់រដ្ឋនៅតំបន់ឃុំអង្កោល ? ផ្សាយលេខក្រោយអង្គភាពព័ត៌មាន “ភ្នំពេញដេលី” នឹងធ្វើការលាតត្រដាងពីឈ្មោះ រួមនិងឯកសារនានាដែលពាក់ព័ន្ធការកាន់កាប់ដីព្រៃកោងកាង ដើម្បីឲ្យសាធារណជនបានដឹង ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ៕ អត្ថបទ ៖ ទ្រី ហៀន