
ឯកឧត្តម វ៉ា ថន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ នៅស្រុកចិត្របុរី
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងព្រះវិមលរតនៈ ទេព ហត្ថា ព្រះមេគណខេត្ត នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ ដែលរស់នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ដែលអំណោយទាំងនោះបានមកពីការចូលរួមផ្តួចផ្តើមរបស់ព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តព្រះនាគវ័ន្ត ហៅវត្តសំបុក រួមនិងព្រះសង្ឃ និងសប្បុរសជន ដែលមានដូចជាសម្ភារស្បៀង និងថវិកាមួយចំនួន។ ក្នុងនោះដែរ បន្ថែមពីអំណោយ និងសម្ភារផ្តល់ជូននាពេលនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាបន្ថែម ចំនួន៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ដោយបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេច តេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរា ខ្វះខាតនាពេលនេះ ដោយសារតែវិបតិ្តជំងឺកូវីដ-១៩ បើទោះបីជាមិនបានជាប់ឈ្មោះជាអ្នកខ្វះខាតទៅតាមប្រភេទ១ឬ២ក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរឃុំ ស្រុក ខេត្តគ្រប់លំដាប់ថ្នាក់ នៅតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយមិនទុកចោលបងប្អូនឲ្យរស់នៅឯការ និងខ្វះខាតស្បៀងអាហារនោះទេ។
ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរឃុំនិងស្រុក ត្រូវឧស្សាហ៍ចុះពិនិត្យតាមដានតាមភូមិឲ្យបានញឹកញាប់ ដើម្បីស្រង់ស្ថិតិ និងក្តាបព័ត៌មានឲ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីរាយការណ៍ជូនអាជ្ញាធរខេត្តដើម្បីដោះស្រាជូនឲ្យចំគោលដៅ និងទាន់ពេលវេលា ហើយក៏សូមជំរុញលើកទឹកចិត្តឲ្យបងប្អូនដែលមានឪពុកម្តាយចាស់ជរា សូមនាំយកគាត់ទៅពិគ្រោះជាមួយគ្រួពេទ្យជំនាញ ដើម្បីទទួលបានវ៉ាសាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងសូមឲ្យបងប្អូនបន្តរស់នៅឲ្យមានការប្រុងប្រយត្ន័ប្រកបដោយវិធានការការពារអនាម័យឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ៕ ដោយ ៖ ស៊ាន ច័ន្ទដា