រដ្ឋបាលខេត្តក្រចេះ ដង្ហែកឋិនទានរស្មីសាមគ្គីចូលវត្តទាំង១៧៧ នៅទូទាំងខេត្ត

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម ហឿស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ហឹង ណារី វ៉ាថន រួមមន្រ្តីរាជការ លោកយាយ លោកតា ព្រះសង្ឃបានរៀបចំប្រារព្ធពិធីបុណ្យកឋិនទានរស្មីសាមគ្គីដង្ហែទៅប្រគេនព្រះសង្ឃទាំង១៧៧វត្ត នៅទូទាំងខេត្តក្រចេះ។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមលំដាប់លំដោយដែលបានគ្រោងទុក។ ពិធីសូត្រមន្តបានធ្វើឡើងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២១។ លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជួបជុំគ្នានៅសាលាខេត្តក្រចេះ ដើម្បីបែងចែកបច្ច័យឲ្យក្រុមការងារយកទៅប្រគេនព្រះសង្ឃតាមវត្តនៅម៉ោង៩ ដង្ហែអង្គកឋិនទានពីសាលាខេត្តទៅកាន់វត្តមណីរង្សីវេ្សវ័ណ ហៅវត្តកាប៉ូ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលជាទីតាំងត្រូវដង្ហែទៅ បន្ទាប់មកនៅម៉ោង៩ ៖ ៣០នាទី ប្រារព្ធពិធីអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យអង្គកឋិនទានរស្មីសាមគ្គីនេះ គឺបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕ ដោយ ៖ ស៊ាន ច័ន្ទដា